(ញូដេលី)៖ ឥណ្ឌាមានការកើនឡើង ១៦ភាគរយ នៃករណីវាយប្រហារដោយភេរវកម្មកាលពីឆ្នាំ២០១៦ និងបានក្លាយជាប្រទេសលេខបី ដែលបានទទួលរងគ្រោះពីសកម្មភាពភេរវកម្មខ្លាំងក្លាជាងគេបំផុត នៅលើពិភពលោក បន្ទាប់ពីប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានក៏ប៉ុន្តែការវាយប្រហារភាគច្រើនបានបណ្តាលឲ្យមនុស្សតិចតួចប៉ុណ្ណោះទទួលរងគ្រោះ ឬបាត់បង់ជីវិត។ នេះបើតាមរបាយការណ៍ថ្មីមួយ របស់ក្រសួងការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមប្រភពដដែល ប្រទេសឥណ្ឌាបានរងគ្រោះដោយសារអំពើភេរវកម្មចំនួន ៩២៧ករណី ក្នុងចំណោមករណីសរុបទាំង ១១,០៧២ ដែលត្រូវបានរាយការណ៍នៅជុំវិញពិភពលោកកាលពីឆ្នាំ២០១៦ ខណៈក្នុងឆ្នាំ២០១៥ ចំនួនករណីភេរវកម្ម ដែលត្រូវបានគេរាយការណ៍នៅក្នុងប្រទេសអាស៊ីមួយនេះ ស្ថិតនៅត្រឹម ៧៩៨ករណី។ កាលពីឆ្នាំ២០១៦ ការស្លាប់ចំនួន ៣៣៧ករណី ត្រូវបានបង្កឡើងដោយសកម្មភាពភេរវកម្ម និងវាមានការកើនឡើង ១៧ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួនមនុស្សស្លាប់ ២៨៩នាក់។ ម៉្យាងវិញទៀត ក្នុងចំណោមករណីភេរវកម្មទាំង ៩២៧ករណី ជាងពាក់កណ្តាលបានកើតឡើងនៅក្នុងរដ្ឋចំនួន ០៥ របស់ប្រទេសឥណ្ឌារួមមាន Jammu និង Kashmir, Chhattisgarh, Manipur, និង Jharkhand។
មិនត្រឹមតែប៉ុណ្ណោះទេ របាយការណ៍ខាងលើក៏បានចាត់ទុកក្រុមឧទ្ទាម Maoist ឬ Naxals នៅក្នុងប្រទេសឥណ្ឌា ជាក្រុមភេរវករដ៏សាហាវជាងគេលំដាប់ថ្នាក់លេខបី នៅលើពិភពលោកផងដែរបន្ទាប់ពីក្រុម ISIS និងក្រុមតាលីបង់៕