(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងថា អតីតរដ្ឋបាលរបស់ លោក បារ៉ាក់ អូបាម៉ា បានបន្សល់ទុកឲ្យទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោននូវបញ្ហាដ៏ច្រើនសន្ធឹកសន្ធាប់ ដែលប្រៀបដូចជាគ្រាប់បែកបម្រុងនឹងផ្ទុះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងក្នុងបទសម្ភាសន៍មួយ លោក Lavrov បានលើកឡើងថា «អ្វីដែលយើងទទួលបានពីអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នោះគឺជាគំនរបញ្ហាដ៏ធំសម្បើម ដែលប្រៀបដូចជាគ្រាប់បែកបម្រុងនឹងផ្ទុះរួមទាំងការសម្រេចចិត្តបង្កហេតុផ្សេងៗទៀត នៅពេលដែលរដ្ឋបាលផុតអាណត្តិមួយនេះ ខកចិត្តក៏ដូចជានឹកស្មានមិនដល់ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មី ហើយបានសម្រេចចិត្ត ប្រើប្រាស់ពេលវេលាប៉ុន្មានខែចុងក្រោយ ដែលខ្លួនមាននៅក្នុងសេតវិមាន លេងល្បិចស្មោគគ្រោក ដែលដំបូងបំផុតនោះគឺ កំណត់គោលដៅធ្វើយ៉ាងណា បង្កការបំផ្លិចបំផ្លាញដល់ទំនាក់ទំនងរុស្ស៊ី-អាមេរិក»។
គួរបញ្ជាក់ថា អំឡុងពេលប្រមាណ ០៣ទៅ០៤ខែចុងក្រោយ នៃអាណត្តិរបស់ខ្លួន រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់អតីតមេដឹកនាំអាមេរិក លោក អូបាម៉ា បានបញ្ជូនកងទ័ពអាមេរិករាប់ពាន់នាក់ និងសព្វាវុធក៏ដូចជាបរិក្ខាយោធាជាច្រើនគ្រឿងទៀត ទៅកាន់តំបន់អឺរ៉ុបខាងកើត ដែលស្ថិតក្បែរប្រទេសរុស្ស៊ី ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងជាមួយអង្គការ NATO។ ជាងនេះទៅទៀត កាលពីចុងឆ្នាំ២០១៦ ទីក្រុងវ៉ាស៊ីនតោនក៏បានបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួនជាង ៣០នាក់ ចេញពីទឹកដីសហរដ្ឋអាមេរិកផងដែរ៕