(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូបានមើលឃើញថា ទិដ្ឋភាពមួយចំនួននៃដំណោះស្រាយថ្មីមួយ សម្រាប់ប្រទេសកូរ៉េខាងជើង ដែលកំពុងត្រូវរៀបចំឡើងនោះ គឺមិនអាចទទួលយកបានឡើយ និងបានលើកឡើងជាពិសេសថា វាមិនគួរមានគោលដៅលើការរាំងខ្ទប់សេដ្ឋកិច្ច របស់ទីក្រុងព្យុងយ៉ាងនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Gennady Gatilov បានថ្លែងនាថ្ងៃចន្ទនេះថា ការរៀបចំដំណោះស្រាយថ្មី សម្រាប់ប្រទេសកូរ៉េខាងជើង កំពុងតែប្រព្រឹត្តទៅហើយ ក៏ប៉ុន្តែមានទិដ្ឋភាពខ្លះៗនៅក្នុងនោះ ដែលភាគីរុស្ស៊ីយល់ថាមិនអាចទទួលយកបាន។ លោក Gatilov បានបន្តទៀតថា ដំណោះស្រាយថ្មីនេះ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ដែលនឹងត្រូវដាក់ប្រឆាំងទៅលើកូរ៉េខាងជើង មិនគួរព្យាយាមសំដៅខ្ទប់ដង្ហើមសេដ្ឋកិច្ចទីក្រុងព្យុងយ៉ាងនោះឡើយ តែគួរតែផ្តោតសំខាន់ជាពិសេស លើសកម្មភាពនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីលជាក់ស្តែង របស់កូរ៉េខាងជើងវិញ។
សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែកក្កដានេះ ប្រទេសកូរ៉េខាងជើង បានប្រកាសពីជោគជ័យលើកទីមួយរបស់ខ្លួន ក្នុងការបាញ់មីស៊ីលឆ្លងទ្វីបប្រភេទ ICBM ដែលរត់បានចម្ងាយ៩៣៣គីឡូម៉ែត្រ និងឡើងដល់រយៈកម្ពស់២,៨០២គីឡូម៉ែត្រ ក្នុងអំឡុងពេល៣៩នាទី មុនពេលវាយប្រហារចំលើគោលដៅ ដែលស្ថិតក្នុងសមុទ្រជប៉ុន ឬសមុទ្រខាងកើត ហើយការធ្វើតេស្តសាកល្បងនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់សហគមន៍អន្តរជាតិ ដែលមិនអាចមើលរំលង ក៏ដូចជាអោបដៃឈរមើលបាន៕