(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថាសង្រ្គាមប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន នឹងនៅតែបន្តប្រព្រឹត្តទៅ ទោះបីជាមានការរិះគន់ខ្លាំងៗពីសំណាក់មេដឹកនាំពិភពលោកមួយចំនួន និងក្រុមអង្គការសិទ្ធិមនុស្សក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខសភា ក្នុងឱកាសនៃការថ្លែងសារជាតិប្រចាំឆ្នាំជាលើកទីពីរ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្តេជ្ញាថាយុទ្ធនាការដ៏ក្តៅគគុក ប្រឆាំង នឹងគ្រឿង ញៀនខុសច្បាប់ នឹងបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត ដោយគ្មានការបន្ធូរបន្ថយដៃជាដាច់ខាត។ លោក ឌូតឺតេ បានថ្លែងថា «ជនជួញដូរឬប្រើប្រាស់គ្រឿង គឺជាឬសគល់នៃអំពើដ៏អាក្រក់ៗនិងការរងទុកវេទនាជាច្រើន ដែលបានធ្វើឲ្យសង្គមហ្វីលីពីនមានភាពចុះខ្សោយ ហើយបានបណ្តាលឲ្យវិនិយោគិនបរទេស មិនហ៊ានមកបណ្តាក់ទុននៅក្នុងប្រទេសមួយនេះ។ ដូច្នេះហើយសង្រ្គាមគ្រឿងញៀន នឹងមិនអាចបញ្ចប់នោះឡើយ រហូតទាល់តែជនទាំងឡាយ ដែលពាក់ព័ន្ធ ក្នុងបទឧក្រិដ្ឋនេះ យល់ច្បាស់ថាពួកគេត្រូវតែបន្ថយ និងបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ព្រោះថាបើមិនដូច្នោះទេ គឺមានតែគុកច្រវ៉ាក់ ឬឋាននរកតែប៉ុណ្ណោះរង់ចាំពួកគេ»។
សូមជម្រាបថា មេដឹកនាំហ្វីលីពីនវ័យ៧២ឆ្នាំរូបនេះ នៅតែបន្តមានប្រជាប្រិយភាពដដែល នៅក្នុងប្រទេសរបស់លោក ទោះបីជាមានការរិះគន់ជាច្រើនរាប់មិនអស់មកលើរូបលោក ដោយសារតែយុទ្ធនាការបង្រ្កាបគ្រឿងញៀនដ៏បង្ហូរឈាម ដែលបើតាមរបាយការណ៍មួយចំនួន បានផ្តាច់យកជីវិតជនសង្ស័យអស់រាប់ពាន់នាក់៕