(អន្តរជាតិ)៖ ក្រោយការវាយប្រហាររបស់រដ្ឋអ៊ីស្លាមជាច្រើនដង ព្រមទាំងការបរាជ័យទប់ស្កាត់ការកែន បុគ្គលចូលរួម IS តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រទេសតួកគីជួបនឹងបញ្ហាធំមួយទៀតក្នុងឆ្នាំ ២០១៦ គឺ រដ្ឋប្រហារដែលនឹងបង្កចលាចលបន្តបន្ទាប់។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៦ រថក្រោះយោធាបានធ្វើដំណើរលើមហាវិថី នៃទីក្រុងអ៊ីស្តង់ប៊ុល ជាមួយនឹងយន្តហោះ ដែលនឹងហើរទៅទីក្រុងអង់ការ៉ា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល កាន់កាប់ដោយគណបក្ស AKP ។ អ្នកដែលធ្វើរដ្ឋប្រហារបានបរាជ័យ ក្នុងការចាប់ប្រធានាធិបតី អេដូហ្គាន់។ ប្រធានាធិបតីតួកគីរូបនេះ ប្រកាសអោយប្រជាជនប្រឆាំងនឹងការធ្វើរដ្ឋប្រហារ ហើយប្រជាជនជាច្រើនបំលាស់ទីទៅកន្លែងសាធារណៈ ឈរជើងលើទឹកដីរបស់ខ្លួន។ ទោះបីការធ្វើរដ្ឋប្រហារនេះត្រូវបានបញ្ចប់ ក្នុងរយៈពេលតែប៉ុន្មានម៉ោងក៏ដោយ វាបង្កើតជាផលប៉ះពាល់ដល់ប្រទេសតួកគីជាបន្តបន្ទាប់។
ប្រធានាធិបតី អេដូហ្គាន់ និងគណបក្សកាន់អំណាច AKP ប្រកាសទំលាក់កំហុសលើ លោក ហ្វេធូឡា ហ្គូឡិន ដែលជាបុព្វជិតនៅសហរដ្ឋអាមេរិក។ តួកគីទាមទារអោយសហរដ្ឋអាមេរិកបញ្ជូន លោក ហ្គូឡិន មកប្រទេសតួកគីវិញ ហើយប្រព័ន្ធផ្សព្វផ្សាយដែលត្រូវគ្នាជាមួយគណបក្ស កាន់អំណាចបានសរសេរអត្ថបទមួយមានសេចក្តីថា ភ្នាក់ងារស៊ើបអង្កេត CIA មានជាប់ពាក់ព័ន្ធនឹង ការធ្វើរដ្ឋប្រហារនេះដែរ។ ប្រទេសតួកគីធ្វើអោយសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក មានសំពាធ កាន់តែខ្លាំងពេលលើកនិយាយពីភាពស្របច្បាប់ ដែលអាមេរិកឈរជើងនៅមូលដ្ឋានអាកាសរបស់ខ្លួន។
គណបក្សកាន់អំណាចចាប់ផ្តើមធ្វើបន្សុទ្ធកម្ម ដោយដកចេញអ្នកមានសមានចិត្តជាមួយនឹង ហ្គូឡិន ពីរដ្ឋបាល។ ប្រជាជនស៊ីវិល ១០០,០០០នាក់បាត់បង់ការងារធ្វើ និងត្រូវបានឃុំខ្លួន ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយការធ្វើរដ្ឋប្រហារ។ រដ្ឋាភិបាលបានដាក់ការប្រកាសថា ប្រទេសស្ថិតក្រោមភាពអាសន្ន ហើយជំនួញជាច្រើនត្រូវបានបិទ រួមទាំងសារព័តមាន និងអង្គការសប្បុរសធម៌មួយចំនួនផងដែរ។ នេះជាការតាមប្រមាញ់អ្នកដែលរដ្ឋយល់ថា ប្រឆាំងខ្លួនទាំងអស់ មិនថា អ្នកគាំទ្រចលនា ហ្គូឡិន ជនជាតិឃឺដ ជាអ្នកកាសែត អ្នកនិពន្ធ និងអ្នកប្រាជ្ញនានា។ ការធ្វើបន្សុទ្ធកម្មនេះប៉ះពាល់ដល់ធនធានមនុស្សក្នុងរដ្ឋាភិបាល និងតុលាការ។
ផ្នែកដែលប៉ះពាល់ខ្លាំងបំផុតគឺ សន្តិសុខ និង ផ្នែកស៊ើបអង្កេតដែលប្រទេសតួកគីកំពុងត្រូវការខ្លាំងបំផុត។ ក្រោយរដ្ឋប្រហាររយៈពេល ០២សប្តាហ៍ នាយកផ្នែកស៊ើបអង្កេតជាតិរបស់សហរដ្ឋអាមេរិក លោក James Clapper បានមានប្រសាសន៍ថា ទង្វើរបស់ប្រទេសតួកគី នឹងប៉ះពាល់ដល់ការស៊ើបអង្កេតជាតិក្នុងប្រយុទ្ធប្រឆាំងនឹងពួក IS ។ ក្នុងបន្សុទ្ធកម្មនេះ បុគ្គលិកក្នុងផ្នែកហោះហើរ ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការណាតូ ត្រូវបានដកដំណែងចេញផងដែរ។
កងប្រដាប់អាវុធដែលកំពុងប្រយុទ្ធសង្គ្រាមនៅស៊ីរី ប្រឆាំងនឹងពួកឃើដ និង IS រងគ្រោះយ៉ាងដំណំ ដោយសារការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការដកចេញនូវមេបញ្ជាការ ឧត្តមសេនីយ៍ត្រី ហើយដាក់អ្នកដែលខ្វះបទពិសោធន៍ជំនួសវិញ។ កងទ័ពជើងអាកាសបាត់បង់អ្នកបើកបរយន្តហោះ សឹងែពាក់កណ្តាល។ ទីប្រឹក្សាយោធាមួយរូបបានលើកឡើងថា ត្រូវការពេលយ៉ាងតិច ០២ឆ្នាំ ដើម្បីបង្គ្រប់ធនធានមនុស្សដែលបាត់បង់មកវិញបាន។
សរុបមក មន្ត្រីយោធា ៨,០០០នាក់ និងកងរាជអាវុធហត្ថ ១,២០០រូបត្រូវបានដកចេញពីដំណែង តាំងពីថ្ងៃធ្វើរដ្ឋប្រហារ ១៥ កក្ដដា។ កងទ័ពជើងអាកាសបាត់បង់ទាហានជាង ២១,០០០រូប ទាហាននៅឈរជើងនៅសល់ត្រឹមតែ ៩,០០០រូបប៉ុណ្ណោះ។ ភ្នាក់ងារស៊ើបអង្កេត ៨៧រូបទៀតក៏បានបាត់បង់ដំណែងដែរ។
ការបែកបាក់ និងបាត់បង់ស្ថេរភាពនៅតួកគី ផ្តល់ផលប្រយោជន៍សម្រាប់តែ IS ប៉ុណ្ណោះ ដែលឆ្លៀតឱកាសនេះដើម្បីប្រមូលមនុស្សកាន់តែច្រើន ចូលរួមក្នុងក្រុមរបស់ពួកគេ។ ចំណែកកិច្ចខិតខំប្រឹងប្រែងរបស់តួកគីវាយប្រហារទៅកាន់ IS ក្នុងប្រទេសស៊ីរី បានធ្វើអោយ IS ប្រឆាំងនឹងប្រជាជនតួកគីមកវិញជាការសងសឹក ដូចជាការបាញ់ប្រហារសម្លាប់ប្រជាជននៅក្នុងក្លឹប Reina នៅថ្ងៃឆ្លងឆ្នាំជាដើម។
នៅដើមខែកុម្ភៈឆ្នាំ ២០១៧ ប៉ូលីសចាប់បាន IS ដែលមានគ្រាប់បែកជិត ២០ គ្រាប់នៅនឹងខ្លួន ព្យាយាម ធ្វើការវាយប្រហារដោយអត្តឃាត។ នៅជាប់នឹងខ្លួនគេមានសារជាតិផ្ទុះដទៃទៀត ព្រមទាំងកាំភ្លើងធំផងដែរ។ ការគំរាមកំហែងក្នុងប្រទេស ភាពចលាចល និងការបាត់បង់សន្តិភាព ក្រោយការធ្វើបន្សុទ្ធកម្ម ធ្វើអោយកម្លាំងរបស់តួកគីចុះខ្សោយ មិនអាចទប់ស្កាត់នឹងការវាយប្រហារនាពេលអនាគត៕