(ព្យុងយ៉ាង)៖ ចាប់តាំងពីបានឡើងកាន់អំណាចបន្តពីឪពុក គឺលោក គីម ជុងអ៊ីល នៅចុងឆ្នាំ២០១១មក មេដឹកនាំវ័យក្មេងកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនដែលបានបំពេញដំណើរទស្សនកិច្ចទៅ កាន់បរទេសម្ដងណាឡើយ។ ចំពោះបញ្ហានេះមានការសន្និដ្ឋានផ្សេងៗពីគ្នាជាច្រើន ហើយគេក៏ពុំទាន់អាចបញ្ជាក់ឱ្យបានច្បាស់ដែរពីមូលហេតុនៅពីក្រោយរឿងនេះ ក៏ប៉ុន្តែបើគេព្យាយាមសង្កេត នោះគេអាចនឹងយល់ពីមូលហេតុងាយៗមួយចំនួន ដែលលោកគីម ជុងអ៊ុន សម្ងំនៅតែក្នុងស្រុក។
លោក គីម ជុងអ៊ុន ត្រូវបានគេស្គាល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថា ជាមេដឹកនាំផ្ដាច់ការម្នាក់ហ៊ានសម្លាប់ រហូតដល់ពូបង្កើតរបស់ខ្លួនដើម្បីពង្រឹងអំណាច ជាហេតុធ្វើឱ្យ សហគមន៍អន្តរជាតិ នៅក្នុងពិភពរបស់សហរដ្ឋអាមេរិកបានថ្កោលទោស និងដាក់ទណ្ឌកម្មឥតឈប់ឈរ។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនថែមទាំងបានជំរុញឱ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត កាត់បន្ថយ ឬកាត់ផ្ដាច់តែម្ដងនូវទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង។
ត្រង់ចំណុចនេះយើងសួរថា តើប្រទេសណាមួយហ៊ានអញ្ជើញ លោក គីម មកបំពេញទស្សនកិច្ចដោយមិនខា្លចក្រែង ការដាក់សម្ពាធពីសំណាក់សហរដ្ឋអាមេរិក គឺមានតែរុស្ស៊ី ចិន អ៊ីរ៉ង់ និងគុយបាប៉ុណ្ណោះ។ តែនិយាយបែបនេះមិនមែនជាការបញ្ជាក់ថា លោក គីម ជុងអ៊ុន មិនធ្លាប់មានគំរោងបំពេញទស្សនកិច្ចនៅបរទេសនោះឡើយ ពោលគឺលោកក៏ធ្លាប់ត្រូវបានគេរាយការណ៍ថា មានគំរោងទៅទស្សនកិច្ចនៅរុស្ស៊ីកាលពីឆ្នាំ២០១៥ និងអ៊ីរ៉ង់កាលពីឆ្នាំ២០១២ផងដែរ ប៉ុន្តែដំណើរទស្សនកិច្ចទាំងនេះ សុទ្ធតែត្រូវបានលុបចោលវិញ ក្រោមហេតុផលត្រូវដោះស្រាយបញ្ហានៅក្នុងស្រុក។
ចំណែកឯក្រុមអ្នកជំនាញខ្លះយល់ថា លោក គីម ជុងអ៊ុន មិនធ្វើដំណើរទៅកាន់បរទេស គឺដោយសារតែ ហេតុផលសុវត្ថិភាពផ្ទាល់ខ្លួនច្រើនជាង ត្បិតលោកយល់ថា ទីភ្នាក់ងារចារកម្មអាមេរិក CIA អាចនឹងរៀបចំផែនការសម្លាប់រូបលោក ដូចគ្នាទៅនឹងអតីតមេដឹកនាំគុយបា លោក ហ្វីឌែល កាស្រ្តូ ដែលត្រូវបាន CIA តាមផ្ដាច់ជីវិតមិនបានសម្រេចជាង ៦៣៨លើក។ មិនតែប៉ុណ្ណោះនាពេលថ្មីៗនេះ ក្រសួងសន្តិសុខកូរ៉េខាងជើង ក៏បានអះអាងដែរថា CIA និងទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានរៀបចំផែនការ ក៏ដូចជាបង្កើតក្រុមប្រតិបត្តិការពិសេស ដើម្បីសម្លាប់មេដឹកនាំរបស់ខ្លួន។
គួរបញ្ជាក់ថា សារព័ត៌មានកូរ៉េខាងត្បូងធ្លាប់បានរាយការណ៍ថា នៅមុនពេលឡើងកាន់អំណាច លោក គីម ជុងអ៊ុន ធ្លាប់បានបំពេញទស្សនកិច្ចជាមួយនឹងម្ដាយ ទៅកាន់ប្រទេសចិន និងជប៉ុននៅចន្លោះពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩២ និងចិននៅឆ្នាំ២០០៩ ឬឆ្នាំ២០១០។ លោក គីម មិនត្រឹមតែមិនបានធ្វើដំណើរទៅក្រៅប្រទេសនោះទេ សូម្បីតែនៅក្នុងប្រទេសក៏លោកមិនសូវ បង្ហាញខ្លួនជាសាធារណៈ ឬក៏ទទួលជួបមន្ត្រីជាន់ខ្ពស់ នាមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរ ក្រៅតែពីអតីតតារាបាល់បោះអាមេរិក NBA លោក Dennis Rodman ដែលបានជួប លោក គីម ជុងអ៊ុន កាលពីខែមិថុនាកន្លងទៅ។
បន្ថែមពីនេះទៀត លោក គីម អ៊ីលស៊ុង (ជីតាលោក គីម ជុងអ៊ុន) និង លោក គីម ជុងអ៊ីល (ឪពុកលោក គីម ជុងអ៊ុន) ត្រូវបានគេស្គាល់ថា ជាមនុស្សខ្លាចជិះនៅលើយន្ដហោះ ដោយនៅពេលត្រូវដំណើរទស្សនកិច្ចទៅរុស្ស៊ី ឬចិន អ្នកទាំងពីរតែងតែជិះរថភ្លើងជំនួស ដូច្នេះលោក គីម ជុងអ៊ុន ក៏ត្រូវបានគេសង្ស័យថា មានជំងឺខ្លាចជិះយន្ដហោះទៅក្រៅប្រទេសដូចគ្នានេះដែរ៕