(តូត្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះបានបដិសេធថា លោកមិនដែលបានប្រើឥទ្ធិពលជានាយករដ្ឋមន្ត្រី ដើម្បីជួយមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនបើកសាលារៀន ដូចដែលគេចោទប្រកាន់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខសមាជិកសភា លោក អាបេ បានអះអាងថា លោកមិនដែលបានប្រើឥទ្ធិពលជានាយករដ្ឋមន្ត្រី ឬក៏ប្រាប់ឱ្យក្រុមមន្ត្រីជំនិតរបស់លោក ជួយសម្រួលមិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ឈ្មោះ Kake Gakuen ដើម្បីបើកសាលាពេទ្យសត្វ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះឡើយ។ លោក អាបេ បានលើកឡើងយ៉ាងដូច្នេះថា «ជារឿងមិនពិតពោលគឺមិនដែលមានសំណើ ឬក៏ ការប្រើអំណាចបើកដៃបង្កើតសាលាពេទ្យសត្វ... ហើយខ្ញុំក៏មិនដែលបានចេញសេចក្ដីណែនាំ ពាក់ព័ន្ធនឹងករណីនេះដែរ ប៉ុន្តែខ្ញុំនៅតែសន្យាថា នឹងស្ដារទំនុកចិត្តពីប្រជាជនជប៉ុនឡើងវិញ តាមរយៈការបំពេញការងារប្រកបដោយលទ្ធផល លើវិស័យសេដ្ឋកិច្ច និងប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថា ដោយសារតែរឿងអាស្រូវនេះ ប្រជាប្រិយភាពរបស់ លោក ស៊ីនហ្សូ អាបេ បានធ្លាក់ចុះក្នុងកំរិតទាបបំផុតដល់ទៅក្រោម ៣០ភាគរយ រីឯ ៥៦ភាគរយឆ្លើយថា មិនគាំទ្រគណបក្សរបស់លោកឡើយ៕