(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានសិទ្ធិអំណាចពេញលេញក្នុងការលើកលែងទោសឱ្យនរណាម្នាក់ ខណៈមានសេចក្ដីរាយការណ៍ថា លោកកំពុងពិចារណាលើកលែងទោសដល់សមាជិកគ្រួសារ មនុស្សជំនិតរបស់លោក រួមទំាងរូបលោកផ្ទាល់ ពាក់ព័ន្ធនឹងរឿងអាស្រូវមានទំនាក់ទំនងនឹងរុស្ស៊ី។ ក៏ប៉ុន្តែ អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យ ហៅសេចក្ដីរាយការណ៍នេះថាជារឿងគួរឱ្យព្រួយបារម្ភ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧។
ការថ្លែងបែបនេះ ធ្វើឡើងចំពេលអាជ្ញាធរអាមេរិក កំពុងធ្វើការស៊ើបអង្កេតលើរឿងអាស្រូវ នៃទំនាក់ទំនងរវាងក្រុមមន្ត្រីជំនិតរបស់ លោក ដូណាល់ ត្រាំ ជាមួយរុស្ស៊ី រីឯទីភ្នាក់ងារស៊ើបការ សម្ងាត់គិតថាទីក្រុងមូស្គូ បានជួយលោកត្រាំឱ្យជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក បើទោះជារុស្ស៊ី និងលោកត្រាំ បានបដិសេធជាច្រើន ដងក៏ដោយ។ ជុំវិញបញ្ហានេះដែរ កាសែត Washington Post កាលពីថ្ងៃព្រហស្បតិ៍ បានចុះផ្សាយអត្ថបទមួយដោយអះអាងថា លោក ដូណាល់ ត្រាំ និងក្រុមការងារ កំពុងពិចារណាលើមធ្យោបាយលើកលែងទោសដល់មនុស្ស ស្និតនឹងរូបលោក ដែលជាប់សង្ស័យថា ធ្លាប់ជួបពិភាក្សាការងារជាមួយ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ ឆ្លើយតបនឹងព័ត៌មាននេះ នៅក្នុងប្រអប់បញ្ចេញមិតលើ Twitter លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖« អ្នកទំាងអស់គ្នាយល់ស្របថាប្រធានាធិបតីអាមេរិក មានសិទ្ធិអំណាចពេញលេញលើកលែងទោសឱ្យនរណាម្នាក់ ...ហេតុអ្វីបានជា ពួកគេគិតដូចនេះ ពីព្រោះថាបទល្មើសប្រឆាំងនឹងពួកយើងគឺជារឿងមិនពិត (FAKE NEWS)»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅ កាសែត Washington Post ផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ ក៏បានរាយការណ៍ដែរថា អគ្គរដ្ឋទូតរុស្ស៊ីប្រចំាសហរដ្ឋអាមេរិក លោក Sergey Kislyak ធ្លាប់បានពិភាក្សាជាមួយរដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក Jeff Sessions ជុំវិញយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ព្រមទាំងទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្រោយ លោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ ប៉ុន្តែ លោក Sessions បានច្រានចោលព័ត៌មាននេះ៕