(ម៉ូស្គូ)៖ នាថ្ងៃចន្ទនេះកងទ័ពរុស្ស៊ី ដែលមានមូលដ្ឋាននៅតំបន់ Northern Caucasus និង South Ossetia ភាគនិរតីប្រទេស បានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ពួកគេហើយ ដែលមានការចូលរួមពីពលទាហានជាងមួយម៉ឺននាក់ និងសព្វាវុធក៏ដូចជាបរិក្ខាយោធារាប់ពាន់គ្រឿងផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យយោធារុស្ស៊ី កងទ័ពប្រហែលចំនួន ១៦,០០០នាក់ និងសព្វាវុធក៏ដូចជាសម្ភារៈយោធាជាង ៤,០០០គ្រឿង កំពុងតែចូលរួមក្នុងការហ្វឹកហ្វឺនខ្នាតធំនេះ ដែលនឹងបន្តប្រព្រឹត្តទៅសម្រាប់រយៈពេលមួយសប្តាហ៍។ ការធ្វើសមយុទ្ធយោធានេះ កើតឡើងស្របពេលដែលបណ្តាប្រទេសជាអង្គការ ណាតូ ជាពិសេសបណ្តារដ្ឋអឺរ៉ុបខាងកើតជាប់ព្រំដែនរុស្ស៊ី កំពុងតែរៀបចំធ្វើសមយុទ្ធយោធា ដោយមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក៕