(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះបានអះអាងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ ដោយបំផ្ទុះរថយន្ដអត្តឃាតនៅឯទីក្រុងកាប៊ុល បានកើនដល់ ២៤នាក់ និងច្រើនជាង ៤០នាក់ ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ការវាយប្រហារដ៏មហាប្រល័យខាងលើនេះ បានកើតឡើងនៅក្បែរលំនៅឋានមន្ត្រីជាន់ខ្ពស់អាហ្វហ្គានីស្ថានម្នាក់គឺ លោក Mohammad Mohaqiq ដោយមកទល់នឹងពេលនេះ មនុស្សស្លាប់បានកើនដល់ ២៤នាក់ និងច្រើនជាង ៤០នាក់រងរបួស។ មន្ត្រីអាហ្វហ្គានីស្ថានបានបន្តទៀតថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងច្រើនជាងនេះ ខណៈក្រុមតាលីបង់តាមរយៈអ្នកនាំពាក្យឈ្មោះ Zabihullah Mujahid បានអះអាងថា ក្រុមខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ។
គួរបញ្ជាក់ថា ជនស៊ីវិល ១,៦៦២នាក់បានស្លាប់ ដោយសារតែអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គិតត្រឹមពេលពាក់កណ្ដាលឆ្នាំ២០១៧ ហើយការវាយប្រហារដ៏អាក្រក់នេះ កើតឡើងតែពីរសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុម ISIS បានទទួលខុសត្រូវលើការវាយប្រហារព្រះវិហារអ៊ីស្លាម ក្នុងរដ្ឋធានីកាប៊ុល ដែលបានសម្លាប់មនុស្ស ០៤នាក់៕