(ប៉េកាំង)៖ មេបញ្ជាការកងទ័ពជើងទឹកចិន លោក Yu Manjiang បាននិយាយថា ទីក្រុងប៉េកាំង គ្មានអ្វីត្រូវលាក់បាំងទាល់តែសោះ ចំពោះការធ្វើសមយុទ្ធយោធាសមុទ្រជាមួយរុស្ស៊ី ដែល ផ្ដោតសំខាន់លើកិច្ចប្រតិបត្តិការជួយសង្រ្គោះ និងការពារសកម្មភាពសេដ្ឋកិច្ចសមុទ្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Yu Manjiang បានគូសបញ្ជាក់ដូច្នេះថា «ការធ្វើសមយុទ្ធយោធាសមុទ្ររវាងចិន និងរុស្ស៊ី ត្រូវបានធ្វើឡើងជាទម្លាប់ធម្មតាតាំងតែពីឆ្នាំ២០១២ ដោយ ពួកយើងបានបង្កើនកិច្ចសហប្រតិបត្តិការសមុទ្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានទំនុកចិត្តលើគ្នាទៅវិញទៅមក... ម្យ៉ាងវិញទៀតចិនគឺជាមហាអំណាច ដូច្នេះវាជារឿងធម្មតាទេដែលការ ធ្វើសមយុទ្ធយោធាធ្វើឱ្យពិភពលោកយកចិត្តទុកដាក់ ប៉ុន្តែយើងគ្មានអ្វីត្រូវលាក់បាំងទាល់តែសោះ ឬត្រូវរកលែសមកការពារខ្លួនឯងនោះឡើយ»។
គួរបញ្ជាក់ថា ការលើកឡើងបែបនេះរបស់ លោក Yu ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន CNN បានរាយការណ៍ថា សមយុទ្ធយោធាជើងទឹករវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំង ហើយសូម្បីតែអង្គការណាតូរបស់សហរដ្ឋអាមេរិក ក៏កំពុងឃ្លាំមើលយ៉ាងដិតដល់ផងដែរ លើសមយុទ្ធយោធានេះ ដែលបានចាប់ផ្ដើមពីថ្ងៃទី២១ និងគ្រោងអូសបន្លាយដល់ថ្ងៃទី២៨ ខែកក្កដា នៅឯសមុទ្របាល់ទិច៕