(វ៉ាស៊ីនតោន)៖ យោងតាមសេចក្តីជូនដំណឹងពី កងឆ្មាំការពារដែនសមុទ្រសហរដ្ឋអាមេរិក សម្រាប់អ្នកនេសាទទាំងឡាយណា ដែលមានបំណងចង់ធ្វើដំណើរក្នុងរយៈចម្ងាយគីឡូម៉ែត្រនៅចន្លោះកោះ Kodiak, រដ្ឋ Alaska, និងប្រជុំកោះ Hawaii នាសប្តាហ៍ក្រោយនោះ ការធ្វើតេស្តបាញ់គ្រាប់ពិតនៃប្រព័ន្ធខែលការពារមីស៊ីល THAAD ត្រូវបានគ្រោងនឹងប្រព្រឹត្តទៅជាថ្មីម្តងទៀត ដោយកម្លាំងយោធាអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមកងឆ្មាំការពារដែនសមុទ្រអាមេរិក នាសប្តាហ៍ក្រោយនេះទីក្រុងវ៉ាស៊ីនតោន នឹងធ្វើការសាកល្បងបាញ់គ្រាប់ពិត នៃប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ THAAD ចេញពីទីតាំងបង្ហោះគ្រាប់រ៉ុក្កែតនៅលើកោះ Kodiak នៃរដ្ឋ Alaska បន្ទាប់ពីទីភ្នាក់ងារការពារមីស៊ីលអាមេរិក (MDA) ទើបតែបានសម្រេចជោគជ័យ នៃការធ្វើតេស្តប្រព័ន្ធ THAAD កាលពីដើមខែកក្កដានេះ ដែលកាលនោះវាត្រូវបានធ្វើឡើង ដើម្បីតេស្តសមត្ថភាពរបស់ THAAD ក្នុងការបាញ់ស្ទាក់មីស៊ីលផ្លោង IRBM។
ដោយឡែក ការធ្វើតេស្តសាកល្បងសាជាថ្មីម្តងទៀតនេះ មានគោលដៅដើម្បីតេស្តសមត្ថភាពរបស់ប្រព័ន្ធ THAAD ក្នុងការបាញ់កម្ទេចមីស៊ីលផ្លោង MRBM ដែលមានរយៈចម្ងាយខ្លីជាង IRBM ហើយស្រដៀងទៅនឹងគ្រាប់មីស៊ីល Hwasong-14 ដែលកូរ៉េខាងជើងធ្វើតេស្តកាលពីខែមុន៕