(វ៉ាស៊ីនតោន)៖ ក្នុងឱកាសនៃពិធីសម្ពោធដាក់ឲ្យដំណើរការ នាវាដឹកយន្តហោះចម្បាំង USS Gerald R Ford តម្លៃ ១៣ពាន់លានដុល្លារនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យបង្កើនការចំណាយយោធាកាន់តែខ្លាំងថែមទៀត សម្រាប់មហាអំណាចមួយនេះ ដែលបាននិងកំពុងចាយលុយលើសព្វាវុធច្រើនជាងប្រទេសណាៗទាំងអស់ នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍របស់កាសែតអាមេរិក Washington Times ក្នុងអំឡុងការធ្វើអត្ថាធិប្បាយទៅកាន់ ក្រុមនាវិក និងមន្រ្តីនៅលើនាវាដឹកយន្តហោះចម្បាំងប្រភេទថ្មីបំផុតនេះ លោក ដូណាល់ ត្រាំ បានឆ្លៀតឱកាសធ្វើការទាមទារថា សភាអាមេរិកគួរតែបង្កើនការចំណាយលើវិស័យយោធាក្នុងអត្រាប្រមាណ ៤៥ភាគរយ ឬស្មើនឹង ៤៥ពាន់លានដុល្លារ ខណៈមេដឹកនាំអាមេរិករូបនេះបានអះអាងថា ប្រទេសរបស់លោកកំពុងតែមានឥទ្ធិពលខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាននិងកំពុងជះលុយទៅលើកម្លាំងយោធារបស់ខ្លួន ដែលមានរិទ្ធិអំណាច និងតម្លៃថ្លៃជាងគេបំផុតលើលោក ក្នុងបរិមាណច្រើនជាងប្រទេសចំនួន០៨ ដែលឈរនៅលេខរៀងបន្ទាប់រួមបញ្ចូលគ្នាទៅទៀត៕