(តេហេរ៉ង់)៖ អ៊ីរ៉ង់ និងអ៊ីរ៉ាក់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើនទំនាក់ទំនងយោធារវាងប្រទេសទំាងពីរ និងការចូលរួមប្រយុទ្ធប្រឆាំងនឹងពួកភេរវករ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
អនុស្សរណៈនៃការយោគយល់លើវិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃអាទិត្យ នៅអំឡុងជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់ លោក Erfan al-Hiyali ជាមួយសមភាគីអ៊ីរ៉ង់ លោក Hossein Dehqan នៅឯទីក្រុងតេហរ៉ង់។ ជាមួយគ្នានោះដែរ បើតាមសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA កិច្ចព្រមព្រៀងនេះគឺផ្ដោតសំខាន់លើការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងចែករំលែកបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ រក្សាសន្តិសុខនៅតាមតំបន់ព្រំដែន បណ្ដុះបណ្ដាល ហិរញ្ញវត្ថុ បច្ចេកទេស រួមទាំងការគំាទ្រផ្នែកយោធា រវាងប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានបង្ហាញក្ដីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជំរុញឱ្យទីក្រុងតេហេរ៉ង់ និងទីក្រុងបាកដាដ អាចនឹងធ្វើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ។ ដោយឡែកទីក្រុងវ៉ាស៊ីនតោន ដែលជាអ្នកជួយទំនុកបម្រុងកងទ័ពអ៊ីរ៉ាក់ រហូតដល់វាយយកទីក្រុងម៉ូស៊ុលពីពួក ISIS មកវិញ នឹងមិនពេញចិត្តឡើយចំពោះកិច្ចព្រមព្រៀងយោធានេះ ខណៈខ្លួនកំពុងអនុម័តច្បាប់ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ សម្រាប់ការអភិវឌ្ឍន៍មីស៊ីលផ្លោង៕