(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្ដែងការគាំទ្រលើសេចក្ដីព្រាងច្បាប់ ដែលសភាអនុម័ត ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់។ នេះបើតាមលេខាធិការព័ត៌មានសេតវិមាន លោកស្រី Sarah Sanders ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោកស្រី Sarah Sanders ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីសភា និងព្រឹទ្ធសភាអាមេរិក ប្រកាសពីការព្រមព្រៀងគ្នាលើការអនុម័តច្បាប់ ដែលនឹងបង្ការមិនឱ្យ លោក ដូណាល់ ត្រាំ លូកដៃជាឯកតោភាគីបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ មិនតែប៉ុណ្ណោះបើតាមច្បាប់ថ្មីនេះ សភាអាមេរិកទំាងពីរក៏បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើ ទីក្រុងម៉ូស្គូ សម្រាប់ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ និងកូរ៉េខាងជើង ក៏ដូចជាអ៊ីរ៉ង់ ទាក់ទិននឹងកម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោង។
លោកស្រី Sarah Sanders នៅក្នុងបទសម្ភាសន៍ជាមួយ ABC បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ថ្វីបើការអនុម័តច្បាប់នេះមានភាពចម្រូងចម្រាសបន្តិច ប៉ុន្តែយើងអាចនឹងធ្វើការងារជាមួយសភា និងព្រឹទ្ធសភា... សេតវិមានពិតជារីករាយក្នុងការធ្វើដូច្នេះ ព្រមទាំងចាត់ទុកថា ការផ្លាស់ប្ដូរនេះពិតជាមានសារៈសំខាន់ ហើយយើងពិតជាគាំទ្រច្បាប់នេះ។
គួរបញ្ជាក់ថា សភាអាមេរិកគ្រោងនឹងធ្វើការបោះឆ្នោតលើសេចក្ដីព្រាងច្បាប់នេះ នៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយបើសិនជាវាត្រូវបានអនុម័តមែន នោះព្រឹទ្ធសភានឹងរៀបចំការបោះឆ្នោត សម្រេចមួយផ្សេងទៀត មុននឹងត្រូវបញ្ជូនបន្តទៅកាន់ប្រធានាធិបតីអាមេរិកចុះហត្ថលេខា៕