(ម៉ូស្គូ)៖ នាពេលថ្មីៗនេះសារព័ត៌មានរុស្ស៊ី Sputnik បានបញ្ចេញវីដេអូគួរឲ្យតក់ស្លុតមួយ បង្ហាញពីភ្នាក់ងាររបស់ Sputnik ប្រចាំតំបន់មជ្ឈិមបូព៌ា លោកស្រី Sara Nureddin បានធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅក្នុងទីក្រុងម៉ូស៊ុលនៃប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
ហេតុការណ៍ខាងលើបានកើតឡើង ក្នុងអំឡុងពេលភ្នាក់ងារសារព័ត៌មានរូបនោះ កំពុងថតយកសកម្មភាពក៏ដូចជាដំណើរការ នៃការបោសសម្អាតគ្រាប់មីន នៅក្នុងសង្កាត់ al-Maydan ក្បែរព្រះវិហារដ៏ពិសិដ្ឋ al-Nuri ដែលត្រូវបានបំផ្លិចបំផ្លាញដោយក្រុមសកម្មប្រយុទ្ធ។ ជាលទ្ធផលពលទាហាន ដែលអមដំណើរ លោកស្រី Nureddin បានទទួលរងរបួសធ្ងន់ ដោយសារតែការបាញ់ប្រហារពីជនសកម្មប្រយុទ្ធម្នាក់ ខណៈរូបលោកស្រីផ្ទាល់បានរងរបួសស្រាល នៅពេលកំពុងរត់គេចខ្លួនពីជនសកម្មប្រយុទ្ធរូបនោះ។
តែជាសំណាងល្អ ពលទាហាននៃកងអង្គភាពប្រឆាំងនឹងអំពើភេរវកម្ម បានទៅដល់កន្លែងកើតហេតុក្នុងរថពាសដែក ហើយជួយសង្រ្គោះអ្នកទាំងពីរនេះទៅកាន់ទីសុវត្ថិភាពបានទាន់ពេលវេលា៕