(វេណេស៊ុយអេឡា)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានសន្យាថា នឹងធ្វើការចាប់ខ្លួនចៅក្រមទាំងអស់ នៃតុលាការកំពូលរបស់ប្រទេសលោក ដែលត្រូវបានតែងតាំងដោយសភា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំង យកទៅដាក់ពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Spuntik នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ សភាវេណេស៊ុយអេឡា បានសម្រេចតែងតាំងសមាសភាពចៅក្រមចំនួន ១៣រូប នៃតុលាការកំពូល រួមជាមួយនិងអនុចៅក្រមរបស់ពួកគេចំនួន ២០រូបផ្សេងទៀត បន្ទាប់ពីតុលាការកំពូលផ្ទាល់ បានថ្កោលទោសការតែងតាំងនេះថា ជាទង្វើមិនស្របច្បាប់។ ជាមួយគ្នានេះ លោក Maduro ក៏បានថ្លែងថា «ពួកគេទាំងអស់... ម្តងមួយៗ... នឹងត្រូវចាប់ញាត់គុក ហើយទ្រព្យសម្បត្តិ និងអចលនទ្រព្យផ្សេងៗទៀតរបស់ពួកគេទាំងនោះ នឹងត្រូវបង្កកដ៏ដូចជារឹបអូសផងដែរ»។
លោកប្រធានាធិបតីវេណេស៊ុយអេឡា បានពន្យល់បកស្រាយថា វិធានការដ៏តឹងរ៉ឹងបែបនេះរបស់លោក គឺវាមានភាពចាំបាច់មិនអាចខ្វះបាននោះឡើយពីព្រោះថា សភាកំពុងតែព្យាយាមរៀបចំគ្រោង ដើម្បីបង្កើតរដ្ឋាភិបាលមិនស្របច្បាប់ដោយខ្លួនឯង។ លោក Maduro បានលើកឡើងដូច្នេះថា សប្តាហ៍នេះពួកគេនឹងប្រកាសអំពីការបង្កើតក្រុមប្រឹក្សាបោះឆ្នោតជាតិថ្មីមួយទៀត ដែលពុំស្របតាមរដ្ឋធម្មនុញ្ញ និងខុសច្បាប់ទាំងស្រុង។
គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅតុលាការកំពូលវេណេស៊ុយអេឡា បានសម្រេចចិត្តរាំងខ្ទប់អំណាចរដ្ឋសភា របស់ប្រទេសអាមេរិកឡាទីនមួយនេះ។ ក្រោយមកការសម្រេចចិត្តនេះ ក៏ត្រូវប្រែក្រឡាស់នៅចំពោះមុខការកើតមានប្រតិកម្មប្រឆាំង ប៉ុន្តែបណ្តាអ្នកគាំទ្ររបស់សភាគ្រប់គ្រងដោយបក្សប្រឆាំង ដែលចង់ឲ្យសមាជិកតុលាការកំពូលទាំងអស់ខ្ទាតចេញពីតំណែងនោះ បានធ្វើបាតុកម្មតវ៉ាដ៏កក្រើកនៅក្នុងប្រទេស កាលពីដើមខែមេសាកន្លងទៅ។ ចាប់តាំងពីពេលនោះមក សកម្មភាពតវ៉ាដែលបានកើតឡើងជាបន្តបន្ទាប់ទៀតនោះ បានបណ្តាលឲ្យមនុស្សជិត ១០០នាក់ហើយបាត់បង់ជីវិត៕