(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្ដែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងលើកាសែត Washington Post សម្រាប់ការចុះផ្សាយអត្ថបទមួយពាក់ព័ន្ធនឹង កិច្ចសន្ទនាជាសម្ងាត់រវាងអគ្គរដ្ឋអាជ្ញាអាមេរិកលោក Jeff Sessions ជាមួយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក Sergey Kislyak។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។
នេះមិនមែនជាលើកទីមួយ ហើយក៏ទំនងជានឹងមិនក្លាយជាលើកចុងក្រោយដែរ ដែលលោក ដូណាល់ ត្រាំ ឈ្លោះប្រកែកជាមួយសារព័ត៌មានអាមេរិកមួយចំនួនដូចជា CNN ដែលតែងតែចុះផ្សាយព័ត៌មានមិនល្អពីរូបលោក រហូតដល់លោកផ្ទាល់ហៅថា ជាសារព័ត៌មានក្លែងក្លាយ។
ជាក់ស្ដែងក្រោយស្ងប់ស្ងាត់មួយរយៈជាមួយ CNN នៅពេលនេះលោក ត្រាំ បានបែរកាណុង ពាក្យសម្ដីរិះគន់ចំៗលើ Washington Post ដោយចោទថា សារព័ត៌មានចាស់វស្សាមួយនេះ បានទម្លាយឯកសារសម្ងាត់របស់រដ្ឋ និងថែមទំាងបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពបែបនេះទៀតផង។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើប្រអប់បញ្ចេញមតិនៃ Twitter ដូច្នេះថា៖ «ការធ្វើឱ្យបែកធ្លាយព័ត៌មានស៊ើបការសម្ងាត់ពីសំណាក់ Washintong Post ពាក់ព័ន្ធនឹង អគ្គរដ្ឋអាជ្ញា លោក Jeff Sessions គឺជាទង្វើខុសច្បាប់...ហើយគួរតែបញ្ឈប់ទង្វើនេះជាបន្ទាន់»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ Washington Post ផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ បានអះអាងថា អគ្គរដ្ឋទូតរុស្ស៊ីលោក Sergey Kislyak ធ្លាប់បានជជែកជាមួយលោក Jeff Sessions ជុំវិញយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ព្រមទាំងទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្រោយលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ ប៉ុន្តែ លោក Sessions បានច្រានចោលព័ត៌មានេះ៕