(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សម្នាជាច្រើនបានចូលរួមទស្សនា «យានជំនិះគំរូសម្រាប់ Mars Rover» នាពេលអនាគត ក្នុងឱកាសនៃទិវា Mars Day នៅឯសារមន្ទីរអកាសចរណ៍និងអវកាសជាតិស្ថិតក្នុង រដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក៕
២៖ កងកម្លាំងប៉ូលិសអាហ្វហ្គានីស្ថានសរុប ១៦នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារខុសគោលដៅមួយ របស់យន្តហោះចម្បាំងនៃក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន៕
៣៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្តេជ្ញាយ៉ាងមុតមាំថា រូបលោកដាច់ខាតនឹងមិនទៅជាន់ដែនដីអន់ៗ និងសែនអាក្រក់ដូចជាសហរដ្ឋអាមេរិកនោះឡើយ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញលោក ឌូតឺតេ ឲ្យទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំប្រទេសទាំងពីរ កាលពីចុងខែមេសាកន្លងទៅយ៉ាងក្តី៕
៤៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា ពុំមានគោលការណ៍មូលដ្ឋានច្បាប់ត្រឹមត្រូវណាមួយ សម្រាប់បណ្តាមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរីនោះឡើយ៕
៥៖ សេតវិមានបានប្រកាសថា នឹងចាត់វិធានការធ្ងន់ធ្ងរថ្មីថែមទៀត ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើបណ្តាអ្នកទោសអាមេរិក ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌នៅក្នុងប្រទេសនេះ មិនត្រូវបានដោះលែងឲ្យធ្វើមាតុភូមិនិវត្តន៍ មកកាន់សហរដ្ឋអាមេរិកវិញទេនោះ៕
៦៖ កនាំពាក្យសេតវិមានលោក Sean Spicer បានដាក់ពាក្យលាលែងពីតំណែងហើយនាថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចជ្រើសតាំង ទីប្រឹក្សាជាន់ខ្ពស់របស់លោកគឺលោក Anthony Scaramucci ធ្វើជាប្រធានទំនាក់ទំនងប្រចាំសេតវិមាន៕