(អាហ្វហ្គានីស្ថាន)៖ កងកម្លាំងប៉ូលិសអាហ្វហ្គានីស្ថានសរុប ១៦នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារខុសគោលដៅមួយ របស់យន្តហោះចម្បាំងនៃក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយជុំវិញហេតុការណ៍នេះ ដោយបញ្ជាក់យ៉ាងដូច្នេះថា «ឧប្បទ្ទវហេតុខាងលើនេះ បានកើតមានឡើងនៅអំឡុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់ នៅក្នុងតំបន់ Par Chawa នៃស្រុក Gereshk របស់ខេត្ត Helmand កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ»។ បន្ថែមពីនេះអាជ្ញាធរអាហ្វហ្គានីស្ថាន ក៏កំពុងតែធ្វើការស៊ើបអង្កេតផងដែរ ដើម្បីស្វែងរកការពិត ចំពោះឧប្បទ្ទវហេតុ ដ៏អកុសល្យនេះ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលកងកម្លាំងចំរុះអាមេរិក ធ្វើការទម្លាក់គ្រាប់បែកច្រឡំ ដោយរឿងហេតុបែបនេះធ្លាប់កើតឡើងនៅក្នុងប្រទេសស៊ីរី និងអាហ្វហ្គានីស្ថានផ្ទាល់ ប៉ុន្មានលើករួចមកហើយ ប៉ុន្តែក្រោយហេតុការណ៍កើតឡើងនោះ វាគ្មានអ្វីក្រៅតែពីការចេញមុខសោកស្តាយពីសំណាក់សហរដ្ឋអាមេរិក និងការបើកការស៊ើបអង្កេតស្វែងរកការពិតនោះឡើយ៕