(វ៉ាស៊ីនតោន)៖ ទោះបីជាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីអាកប្បកិរិយាគួរឲ្យព្រួយបារម្ភយ៉ាងណាក្តី តាមពិតលោកបានធ្វើការសម្រេចចិត្តដោយមានហេតុផលសាកសម ដើម្បីធានាឲ្យបាននូវភាពស្ថិតស្ថេរនៃរបបដឹកនាំរបស់លោក។ នេះបើតាមការលើកឡើងរបស់នាយកស៊ើបការណ៍សម្ងាត់ជាតិ លោក Daniel Coats ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។
លោក Daniel Coats បានថ្លែងថា «លោក គីម ជុងអ៊ុន បានបង្ហាញអាកប្បកិរិយាជាសាធារណៈ ដែលបានបង្កជាសំណួរចោទសួរ និងការងឿងឆ្ងល់ជាច្រើនអំពីអត្តសញ្ញាណពិតប្រាកដ និងរបៀបគិតគូរពិចារណារបស់លោក ក៏ដូចជាការប្រព្រឹត្តរួមទាំងការប្រកាន់អាប្បកិរិយា របស់ប្រមុខមេដឹកនាំកំពូលផុតលេខកូរ៉េខាងជើងរូបនេះ»។ នាយកស៊ើបការណ៍សម្ងាត់អាមេរិកបានបន្តថា «ការវាយតម្លៃយ៉ាងហ្មត់ចត់របស់យើង បានបង្ហាញលទ្ធផលជាក់ស្តែងឲ្យឃើញថា តាមពិតទៅ លោក គីម គឺជាប្រភេទមនុស្សដែលមានអត្តចរិតខុសប្លែកពីគេខ្លាំង ក៏ប៉ុន្តែលោកពុំមានជាមនុស្សឡប់សតិនោះឡើយ ព្រោះថា វាមានហេតុផលសាកសមមួយចំនួន នៅពីក្រោយ និងគាំទ្រដល់ទង្វើរបស់មេដឹកនាំរដ្ឋកុម្មុយនិស្តរូបនេះ... គឺការចង់រស់រានមានជីវិតនៃរបបដឹកនាំ ក៏ដូចជាប្រទេសរបស់លោក»។
លោក Coats បានបន្ថែមទៀតថា ប្រមុខដឹកនាំកូរ៉េខាងជើង បានគិតគូរអំពីភាពស្ថិតស្ថេរនៃរបបដឹកនាំ និងប្រទេសកូរ៉េខាងជើង នៅក្នុងការសម្រេចចិត្តនានារបស់លោក។ ម៉្យាងវិញទៀតមេដឹកនាំផ្តាច់ការរូបនេះ ដឹងច្បាស់អំពីឥទ្ធិពល ក៏ដូចជារិទ្ធិអំណាច នៃការមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។
កាលពីថ្ងៃទី០៤ ខែកក្កដា ទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនបានធ្វើតេស្តបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបចំនួនមួយគ្រាប់ ដោយជោគជ័យជាលើកដំបូងបំផុត ហើយទីក្រុងវ៉ាស៊ីនតោនក៏បានទទួលស្គាល់ថា ការធ្វើតេស្តនេះគឺជាជោគជ័យលើកទីមួយរបស់កូរ៉េខាងជើង ក្នុងការបាញ់មីស៊ីលផ្លោងប្រភេទ ICBM នេះផងដែរ៕