(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្តេជ្ញាយ៉ាងមុតមាំថា រូបលោកដាច់ខាតនឹងមិនទៅជាន់ដែនដីអន់ៗ និងសែនអាក្រក់ដូចជាសហរដ្ឋអាមេរិកនោះឡើយ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញលោក ឌូតឺតេ ឲ្យទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំប្រទេសទាំងពីរ កាលពីចុងខែមេសាកន្លងទៅយ៉ាងក្តី។ នេះបើតាមដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។
លោក ឌូតឺតេ បានធ្វើការប្រកាសច្បាស់ៗបែបនេះ ស្របពេលដែលលោកមានការខឹងសម្បារជាខ្លាំង ចំពោះការដែលក្រុមអង្គការការពារសិទ្ធិមនុស្ស បានវាយប្រហារមកលើសង្រ្គាមបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោក ក្នុងប្រទេសហ្វីលីពីន នៅចំពោះមុខគណៈកម្មការសិទ្ធិមនុស្សនៃសភាអាមេរិក។ លោក ឌូតឺតេ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «វានឹងគ្មានថ្ងៃជាដាច់ខាត ដែលខ្ញុំនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក... មិនថាទាំងក្នុងអំឡុងពេលអាណត្តិកាន់អំណាចរបស់ខ្ញុំ ឬមួយក៏បន្ទាប់ពីផុតអាណត្តិនោះឡើយ»។ «ខ្ញុំធ្លាប់បានឃើញហើយអាមេរិកនោះ... វាមើលទៅអន់ៗ និងអាក្រក់ណាស់។ ពួកគេមានករណីរំលោភបំពានលើសិទិ្ធមនុស្សជាច្រើន»។ លោកប្រធានាធិបតីហ្វីលីពីន បានបន្ថែមបែបនេះ ដោយចង់សំដៅទៅលើកងទ័ពអាមេរិក ដែលកំពុងបំពេញបេសកកម្មនៅតំបន់មជ្ឈិមបូព៌ា។
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានឡើងកាន់អំណាចកាលពីឆ្នាំមុន ធ្លាប់បានប្រកាសឲ្យដឹងថា លោកកំពុងដកប្រទេសរបស់លោក ឲ្យឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តការពារជាតិដ៏ចម្បងរបស់ហ្វីលីពីន បន្ទាប់ពីរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានធ្វើការរិះគន់ចំពោះយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោក ឌូតឺតេ ដែលបានផ្តាច់ជីវិតមនុស្សរាប់ពាន់នាក់។
តែផ្ទុយទៅវិញក្រោយពីលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធីបតីអាមេរិកថ្មី លោក ត្រាំ បានហៅទូរស័ព្ទទៅកាន់ លោក ឌូតឺតេ កាលពីមេសាកន្លងទៅនេះ និងថ្លែងកោតសរសើរក៏ដូចជាសាទរចំពោះ យុទ្ធនាការបង្រ្កាបគ្រឿនញៀនរបស់ លោក ឌូតឺតេ ហើយថែមទាំងបានផ្តល់ការអញ្ជើញបុរសខ្លាំងហ្វីលីពីនរូបនេះ ទៅកាន់សេតវិមានថែមទៀតផង។ កាលនោះ លោក ឌូតឺតេ បាននិយាយថា លោកមិនទាន់អាចធ្វើទស្សនកិច្ចទៅកាន់អាមេរិកបានឡើយ ដោយសារតែលោកមានដំណើរទស្សនកិច្ចនៅក្រៅប្រទេសដទៃៗទៀត ដែលត្រូវបានគ្រោងទុកជាមុនរួចទៅហើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីនរូបនេះ ធ្លាប់បានប្រើប្រាស់ពាក្យពេចន៍ដ៏អាក្រក់ៗដាក់ លោក អូបាម៉ា ដោយសារតែការរិះគន់របស់អតីតមេដឹកនាំអាមេរិករូបនេះ ក៏ប៉ុន្តែបានបង្ហាញកាយវិការ ក៏ដូចជាចេតនារាក់ទាក់ចំពោះលោក ដូណាល់ ត្រាំ៕