(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា ពុំមានគោលការណ៍មូលដ្ឋានច្បាប់ត្រឹមត្រូវណាមួយ សម្រាប់បណ្តាមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។
ឆ្លើយតបទៅនឹងការធ្វើអត្ថាធិប្បាយរបស់ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក Mike Pompeo ដែលបានអះអាងថា វត្តមានរបស់រុស្ស៊ីនៅស៊ីរី គឺដោយសារតែទីក្រុងម៉ូស្គូចង់ផ្ចាញ់ផ្ចាលទីក្រុងវ៉ាស៊ីនតោននោះ លោក Lavrov បានគូសបញ្ជាក់វិញថា លោកបានទទួលដំណឹងថា សព្វថ្ងៃនេះមានមូលដ្ឋានទ័ពចំនួន ១០កន្លែង របស់សហរដ្ឋអាមេរិក ដែលស្ថិតក្នុងប្រទេសស៊ីរី។
លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានថ្លែងថា «ភាពខុសគ្នាដ៏ធំនោះគឺថា យើងមិនលាក់បាំងអំពីមូលដ្ឋានយោធាតែពីរកន្លែងរបស់យើងនោះឡើយ។ ពួកវាត្រូវបានបង្កើតឡើង ដោយឈរលើគោលការណ៍មូលដ្ឋាន នៃកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ហើយមានតួនាទីដើម្បីជួយជ្រោមជ្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ»។
លោក Lavrov បានបញ្ជាក់ថា លោកមិនមានបញ្ហានោះឡើយ ចំពោះវត្តមានរបស់មូលដ្ឋានទ័ពអាមេរិកនៅស៊ីរី ក៏ប៉ុន្តែពួកវាគួរតែស្ថិតនៅលើទឹកដីនៃប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ ដោយស្របច្បាប់។ លោក Lavrov បាននិយាយដូច្នេះថា «ខ្ញុំមិនប្រកាន់ចំពោះមូលដ្ឋានយោធាអាមេរិក នៅស៊ីរីនោះឡើយដរាបណាសហរដ្ឋអាមេរិក គូសបញ្ជាក់ម្តងទៀតក៏ដូចជាទទួលស្គាល់ពីវត្តមានមិនស្របច្បាប់របស់ពួកគេ នៅក្នុងដែនដីរបស់ប្រទេសស៊ីរីព្រោះថា មិនដូចពួកយើងឡើយ ពួកគេមិនត្រូវបានអញ្ជើញដោយរដ្ឋាភិបាលស៊ីរីនោះទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មានតួកគី Anadolu បានចេញផ្សាយសេចក្តីរាយការណ៍មួយដែលបញ្ជាក់ពី ទីតាំងនៃមូលដ្ឋានយោធាចំនួន ១០កន្លែង របស់សហរដ្ឋអាមេរិក នៅភាគខាងជើងប្រទេសស៊ីរី ហើយថែមទាំងបានឲ្យដឹងលម្អិតអំពីចំនួនពលទាហានទៀតផង។ ជុំវិញការបញ្ចេញព័ត៌មានដ៏សំខាន់បែបនេះ ក្រសួងការពារជាតិអាមេរិកបានលើកឡើងថា ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី ស្តីពីទីតាំងនៃមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរីនោះអាចធ្វើឲ្យកងទ័ពអាមេរិកស្ថិតក្រោមភាពគ្រោះថ្នាក់ធ្ងន់ធ្ងរបាន៕