(វ៉ាស៊ីនតោន)៖ សេតវិមានបានប្រកាសថា នឹងចាត់វិធានការធ្ងន់ធ្ងរថ្មីថែមទៀត ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើបណ្តាអ្នកទោសអាមេរិក ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌នៅក្នុងប្រទេសនេះ មិនត្រូវបានដោះលែងឲ្យធ្វើមាតុភូមិនិវត្តន៍ មកកាន់សហរដ្ឋអាមេរិកវិញទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានថ្លែងថា «ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីដាក់ចេញវិធានការថ្មីហើយមានកម្រិតធ្ងន់ធ្ងរខ្លាំង ចំពោះប្រទេសអ៊ីរ៉ង់ លុះត្រាតែជនជាតិអាមេរិកទាំងអស់ ដែលបានជាប់ឃុំខ្លួនដោយអយុត្តិធម៌ ត្រូវដោះលែងឲ្យមានសេរីភាព ហើយវិលត្រឡប់មកប្រទេសកំណើតវិញ»។ បើតាមសេតវិមាន ចំណាត់ការធ្ងន់ៗថ្មីទាំងនេះ នឹងត្រូវដាក់ប្រឆាំងទៅលើអ៊ីរ៉ង់ បើសិនជាមេដឹកនាំនៃប្រជាជាតិនេះ មិនបញ្ជូនពលរដ្ឋអាមេរិកទាំងអស់មកកាន់មាតុភូមិវិញ នាពេលឆាប់ៗខាងមុខទេនោះ។
ជុំវិញរឿងនេះ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ពលរដ្ឋរបស់ខ្លួនកំពុងស្ថិតក្រោមការឃុំឃាំងដោយអយុត្តិធម៌ ខណៈសេតវិមានបានលើកឡើងថា អស់រយៈពេលជិត ៤០ឆ្នាំ អ៊ីរ៉ង់បានយកការឃុំឃាំង និងការចាប់ជាចំណាប់ខ្មាំង ធ្វើជាឧបករណ៍នយោបាយ ហើយវាគឺជាការអនុវត្តន៍ដ៏អាក្រក់មួយ ដែលទីក្រុងតេហេរ៉ង់បាននិងកំពុងបន្តមកទល់សព្វថ្ងៃនេះ៕