(វ៉ាស៊ីនតោន)៖ រដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានធ្វើការប្រកាសអំពីវិធានមួយចំនួន ដើម្បីការពារប្រជាជនរបស់ខ្លួន ឲ្យមានសុវត្ថិភាពពីការវាយប្រហារប្រហារមីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាង ដែលអាចនឹងកើតមានឡើងនាពេលអនាគត។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារព័ត៌មាន AP និងបណ្តាញព័ត៌មានដទៃៗទៀត ផែនការខាងលើរួមមានការប្រកាសជាសាធារណៈ ឲ្យប្រជាពលរដ្ឋព្យាយាមនៅក្នុងផ្ទះ ឬអគារនានា, ការហាត់សមជម្លៀសមនុស្សចេញពីសាលារៀន, និងប្រព័ន្ធបំពងសំឡេងក្នុងគ្រាអាសន្នថ្មី ដែលនឹងត្រូវធ្វើតេស្តសាកល្បង ចាប់ពីខែវិច្ឆិកាចុងឆ្នាំនេះទៅ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋហាវ៉ៃ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «យើងមិនចង់បង្កភាពវឹកវរណាមួយ ដល់សាធារណជននោះឡើយ ក៏ប៉ុន្តែយើងមានការទទួលខុសត្រូវ ដើម្បីរៀបចំផែនការសម្រាប់ហានិភ័យទាំងឡាយ។ យើងមិនដឹងច្បាស់អំពីសមត្ថភាពពិតប្រាកដ ឬមួយក៏ចេតនារបស់រដ្ឋាភិបាលកូរ៉េខាងជើងនោះទេ តែមានភស្តុតាងយ៉ាងជាក់ស្តែងថា រដ្ឋកុម្មុយនិស្តមួយនេះ កំពុងព្យាយាមអភិវឌ្ឍន៍គ្រាប់មីស៊ីលផ្លោង ដែលអាចវាយប្រហារដល់រដ្ឋរបស់យើងនាថ្ងៃណាមួយមិនខាន។ ដូច្នេះហើយ យើងមិនអាចអូសបន្លាយ ការចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយដំណឹងសាធារណៈរបស់យើង ដើម្បីធានាថា ប្រជាជនហាវ៉ៃ នឹងដឹងច្បាស់ពីអ្វីដែលពួកគេត្រូវធ្វើ នៅក្នុងករណីដែលហេតុការណ៍ដ៏អាក្រក់នេះកើតឡើង»។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញជាច្រើន រដ្ឋហាវ៉ៃអាចស្ថិតក្នុងរយៈចម្ងាយនៃមីស៊ីលផ្លោងរបស់កូរ៉េខាងជើង នាពេលឆាប់ៗខាងមុខ ប្រសិនបើមិនទាន់ស្ថិតក្រោមរ៉ាដារបស់ប្រទេសកុម្មុយនិស្តដ៏ឯកោមួយនេះ រួចស្រេចទៅហើយទេនោះ ដោយផ្អែកលើការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ដោយជោគជ័យរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី០៤ ខែកក្កដា៕