អ្នកនាំពាក្យសេតវិមានអាមេរិកលោក Sean Spicer សម្រេចលាលែងពីតំណែង បន្ទាប់ពីកាន់តួនាទីបានរយៈពេល០៦ខែ
22-07-2017 01:04
(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមានលោក Sean Spicer បានដាក់ពាក្យលាលែងពីតំណែងហើយនាថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចជ្រើសតាំងទីប្រឹក្សាជាន់ខ្ពស់របស់លោកគឺលោក Anthony Scaramucci ធ្វើជាប្រធានទំនាក់ទំនងប្រចាំសេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមមន្រី្តសេតវិមានមួយរូប បានឲ្យដឹងថា លោក Spicer វ័យ៤៥ឆ្នាំ បានលាលែងពីតំណែងហើយ។ ក្នុងអំឡុងពេលកាន់តួនាទីជាអ្នកនាំពាក្យសេតវិមានលោក Sean Spicer ពេលខ្លះត្រូវបានគេរិះគន់ ដោយសារតែពួកគេបានចោទប្រកាន់រូបលោកថា បានផ្តល់សេចក្តីថ្លែងការណ៍ដែលមិនពិតប្រាកដ ហើយធ្វើឲ្យមានការភ័ន្តច្រឡំ។ ម៉្យាងវិញទៀត ក្នុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ លោក Spicer មិនសូវជាបានបង្ហាញនៅក្នុងបន្ទប់សារព័ត៌មានរបស់ សេតវិមានប៉ុន្មានឡើយ ហើយមកដល់ពេលនេះក៏លេចឡើងដំណឹងថារូបលោក បានលាលែងពីតំណែងនេះតែម្តង៕