(វ៉ាស៊ីនតោន)៖ វាបានកន្លងផុតទៅ ០៦ខែហើយចាប់តាំងពី លោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ពោរពេញដោយភាពចម្រូងចម្រាស និងរឿងអាស្រូវជាច្រើន។ ជាពិសេសពាក់ព័ន្ធនឹងការជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ដែលបានធ្វើឱ្យអ្នកនយោបាយអាមេរិកបែកបាក់គ្នា ហើយមន្ត្រីជាន់ខ្ពស់ខ្លះលាលែងពីតំណែង និងអ្នកខ្លះទៀតត្រូវបណ្ដេញចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។
បើសិនជាគេនិយាយពីរឿងនយោបាយ លោក ត្រាំ មិនសូវជាទទួលបានជោគជ័យជាដុំកុំភួនអ្វីនោះទេ តែបែរជាបង្កព្យុះភ្លៀង និងធ្វើឱ្យអ្នកនយោបាយអាមេរិកបែកបាក់គ្នា ដោយសារតែរឿងអាស្រូវដែលខ្លួនបានបង្កើតឡើងទៅវិញ ខណៈសហរដ្ឋអាមេរិក កំពុងបាត់បង់ប្រជាប្រិយភាពជាមេដឹកនាំពិលោកនៅលើឆាកអន្តរជាតិ បន្ទាប់ពីរដ្ឋបាល លោក ត្រាំ សម្រេចចិត្តដកខ្លួនចេញពី កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក TPP និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។
ដោយឡែក បើតាមការស្ទង់មតិជាច្រើនកាលពីខែមករា ប្រជាប្រិយភាពនៃអតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះស្ថិតនៅក្នុងអាត្រា ៤៧.៨ភាគរយ តែក្រោយមានជម្លោះជាមួយបណ្ដាសារព័ត៌មានអាមេរិក ការគំាទ្ររបស់លោកធ្លាក់មកនៅត្រឹមតែ ៣៨ភាគរយ នៅចន្លោះពីខែមិថុនា ដល់ខែកក្កដា ចំណែកឯចំនួនអ្នកមិនគាំទ្រក៏បានហក់ឡើងពី ៤១ភាគរយ ដល់ ៥៦ភាគរយផងដែរ គិតត្រឹមរយៈពេលដូចគ្នា។
ទោះជាយ៉ាងនេះក្ដី គេមិនអាចប្រកែកបានឡើយថា នៅក្រោមការដឹកនាំរបស់ លោក ត្រាំ អស់រយៈពេលជាង ០៦ខែមកនេះ សេដ្ឋកិច្ចអាមេរិកមានសន្ទុះខ្លាំង ដោយក្នុងនោះអត្រាអ្នកគ្មាន ការងារធ្វើបានធា្លក់ចុះពី ៤.៨ភាគរយ កាលពីខែមករា មកនៅត្រឹម ៤.៤ភាគរយ នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ស្របពេលបំណុលជាតិធ្លាក់ចុះពី ១៩.៩៤៧ទ្រីលានដុល្លារ កាលពីថ្ងៃទី២០ ខែមករា ដល់ ១៩.៨៤៤ទ្រីលានដុល្លារ គិតត្រឹមថ្ងៃទី២០ ខែមិថុនា។
ជាងនេះទៅទៀត លោក ត្រាំ ក៏បានអនុវត្តន៍តាមពាក្យសន្យាជាច្រើន ហើយដែលពាក្យសន្យាទាំងនេះ ធ្វើឱ្យលោករកប្រាក់ចំណេញ និងបង្កើតការងារមិនតិចនោះទេ នៅក្នុងសហរដ្ឋអាមេរិក តាមរយៈការលក់អាវុធជាង ១១០ពាន់លានដុល្លារឱ្យអារ៉ាប៊ីសាអូឌីត, កាតា ១២ពាន់លានដុល្លារ, ប៉ូឡូញ ០៨ពាន់លានដុល្លារ ព្រមទាំងឈានដល់ ការព្រមព្រៀងលក់មីស៊ីលមានតម្លៃជាង ១.៤ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ផងដែរ៕