(បរទេស)៖ គិតមកទល់ពេលនេះវាមានរយៈពេល ៤៨ឆ្នាំហើយ ចាប់តាំងពីមនុស្សលោកយើង បានបញ្ជូនមនុស្សដំបូងគេបង្អស់ ឲ្យទៅកាន់ផ្ទៃឋានព្រះច័ន្ទកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ នៅពេលដែលអវកាសយានិកអាមេរិក លោក Niel Armstrong បានឈានជើងជាន់លើព្រះច័ន្ទ ដោយនិយាយថា «ការបោះជំហានដ៏តូចមួយសម្រាប់បុរស គឺជាការលោតផ្លោះដ៏ធំសម្បើមមួយសម្រាប់មនុស្សលោក»។
ដោយឡែកទោះបីជាមានអាយុកាលជិតកន្លះសតវត្សរ៍ទៅហើយនោះ ចាប់តាំងតែពីព្រឹទ្ធការណ៍ជាប្រវត្តិសាស្រ្តនេះ បានកើតឡើងក៏ដោយនោះ អង្គការ NASA, ISRO (របស់ឥណ្ឌា), រួមទាំងទីភ្នាក់ងារដទៃៗទៀត ពុំទាន់បានបង្កើត ឬសម្រេចបានអ្វីផ្សេង ដែលមានភាពអស្ចារ្យដូចកាលដែលបេសកកម្មនេះបានប្រព្រឹត្តទៅនោះឡើយ។ ខាងក្រោមនេះគឺជារឿងមួយចំនួន ដែលអ្នកគួរតែដឹងថា តើហេតុអ្វី បានជាបេសកកម្ម អាប៉ូឡូ១១ (Apollo 11) គឺជាភាពជោគជ័យដ៏សំខាន់បំផុត នៅក្នុងដំណើរផ្សងព្រេងរបស់មនុស្សលោក ទៅកាន់ទីអវកាស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន India Times នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។
១៖ យានចុះចតសម្រាប់នាំយកក្រុមអវកាសយានិក ទៅកាន់ផ្ទៃឋានព្រះច័ន្ទ តាមពិតមិនត្រូវបានឆ្លងកាត់ ការធ្វើតេស្តសាកល្បងច្រើននោះឡើយ
យានចុះចត LM ដែលអង្គការ NASA បានប្រើប្រាស់សម្រាប់បេសកកម្ម Apollo 11 បើតាមពិតទៅគឺជាយានដំបូងគេ ដែលត្រូវបានរចនាឡើង ដើម្បីធ្វើប្រតិបត្តិការនៅកន្លែងផ្សេង ក្រៅពីភពផែនដី ឬមួយក៏គន្លងគោចររបស់យើង។ វាមានប្រព័ន្ធនាំផ្លូវដោយស្វ័យប្រវត្តិ តែក្រុមអវកាសយានិក នៅលើនោះ អាចធ្វើការបញ្ជាបាន ដូចដែលអ្វីដែលលោក Neil Armstrong បានធ្វើកាលពីអំឡុងបេសកកម្មនេះ ដើម្បីបញ្ចៀសយាន LM គេចចេញពីបណ្តុំដុំថ្ម ដែលវាបានសំដៅទៅរក។ វាគឺជាការហោះហើរត្រឹមតែលើកទីបីប៉ុណ្ណោះ សម្រាប់យាន LM ដែលផ្ទុកមនុស្សនៅលើនោះ។
២៖ ប្រព័ន្ធនាំផ្លូវរបស់យានចុះចត LM (Lunar Module) ដំណើរការលើប្រព័ន្ធកុំព្យូទ័រមានអង្គចងចាំ (Memory) តែ ៦៤គីឡូបៃ (KB) ប៉ុណ្ណោះ
ប្រព័ន្ធកុំព្យូទ័រទាំងនេះត្រូវបានផលិតឡើង សម្រាប់កម្មវិធីអវកាស Apollo ដោយមានមួយគ្រឿងបំពាក់ទៅក្នុង ប្រព័ន្ធបញ្ជារបស់យានអវកាសធំ CM (Command Module) និងមួយគ្រឿងទៀតទៅក្នុងយានចុះចត LM។ ប្រព័ន្ធកុំព្យូទ័រទាំងពីរនេះ បានផ្តល់ឲ្យនូវទាំងការគណនាផ្សេងៗ និងផ្ទាំងអេឡិចត្រូនិច ដើម្បីបញ្ជាយានទាំងនេះ រួមទាំងសម្រាប់ការនាំផ្លូវ និងការធ្វើចលនា។ ប្រព័ន្ធកុំព្យូទ័រសម្រាប់បេសកកម្មអាប៉ូឡូ (AGC) មានសមត្ថភាពប្រតិបត្តិការ ប្រហាក់ប្រហែលនឹងប្រភេទកុំព្យូទ័រផ្ទាល់ខ្លួន ដែលមានវត្តមាននៅពេលមួយទសវត្សរ៍ក្រោយមក ដូចជាកុំព្យូទ័រ Apple II របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ជាដើម។ AGC មានអង្គចងចាំប្រហែល ៦៤គីឡូបៃ និងធ្វើប្រតិបត្តិការនៅក្នុងល្បឿន ០.០៤៣មេហ្គាហឺត (MHz)។ ដូច្នេះវាមានន័យថា ស្មាតហ្វូនរបស់យើងរាល់គ្នានាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពខ្លាំងក្លាជាងប្រព័ន្ធកុំព្យូទ័រ ដែលជួយនាំយកមនុស្ស ទៅកាន់ឋានព្រះច័ន្ទដាច់ឆ្ងាយតែម្តង។
៣៖ លោកស្រី Margaret Hamilton ជាអ្នកវិទ្យាសាស្រ្តកុំព្យូទ័រដំបូងគេ ដែលនៅពីក្រោយការសរសេរ Code សម្រាប់ប្រព័ន្ធកុំព្យូរទ័របេសកកម្ម Apollo 11
នៅពេលដែលលោកស្រី Margaret Hamilton ត្រូវបានចាត់តាំងឲ្យមើលខុសត្រូវលើការបង្កើត Program សម្រាប់ប្រព័ន្ធហោះហើរនៃបេសកកម្ម Apollo 11 កាលពីឆ្នាំ១៩៦៥ លោកស្រីបានជួបប្រទះ ក៏ដូចជាយកឈ្នះបញ្ហាលំបាកជាច្រើន។ កាលនោះមិនត្រឹមជាសម័យកាល ដែលស្រ្តីភេទ នៅក្នុងការងារផ្នែកបច្ចេកទេស តែងតែបានទទួលរងការស្តីបន្ទោសធ្ងន់ៗនោះឡើយ តែក៏ជាពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រ ដូចជា Microsoft មិនទាន់បានចាប់កំណើតផងដែរ។ ដូច្នេះហើយ ពុំមានកម្មវិធី Software អ្វីទាំងអស់ ដើម្បីប្រើប្រាស់ក្នុងការសរសេរ Code សម្រាប់ប្រព័ន្ធនៅលើយានអវកាសនេះ។ ផ្ទុយទៅវិញលោកស្រី Hamilton និងក្រុមការងារ បានចំណាយពេលវេលាអស់ជាច្រើន ដើម្បីសរសេរ Code ទាំងនោះដោយដៃផ្ទាល់ ហើយបង្កើត និងចងក្រងជាបន្ទះ Punch Card ដែលត្រូវតភ្ជាប់ដោយខ្សែភ្លើង ទៅក្នុងប្រព័ន្ធកុំព្យូទ័របស់ Apollo 11។ លោកស្រី Hamilton គឺជាអ្នកវិទ្យាសាស្រ្តកុំព្យូទ័រដំបូងគេ នៃជំនាញផ្នែកវិស្វកម្ម Software ពោលគឺមុនជំនាញនេះ ត្រូវបានបង្កើតឡើងទៅទៀត។
៤៖ បេសកកម្ម Apollo 11 ទាមទារឲ្យមានសម្លៀកបំពាក់អវកាសច្រើនឈុត
ឈុតអវកាសរបស់អង្គការ NASA នៅសព្វថ្ងៃនេះ ត្រូវបានបង្កើតឡើងដោយបច្ចេកទេសខ្ពស់ ដែលពួកវាអាចការពារក្រុមអវកាសយានិក ឲ្យមានសុវត្ថិភាពបាន នៅគ្រប់ដំណាក់កាលនៃបេសកកម្មរបស់ពួកគេ។ ផ្ទុយទៅវិញកាលពីអំឡុងបេសកកម្ម Apollo 11 ក្រុមអវកាសយានិក ត្រូវតែមានឈុតខុសៗគ្នា ដើម្បីឲ្យសមស្របទៅនឹងដំណាក់កាលនីមួយៗ។ បេសកកម្ម Apollo 11 តម្រូវឲ្យមានសម្លៀកបំពាក់អវកាសដល់ទៅ ១៥ឈុត ដោយសរុប ០៩ឈុត គឺសម្រាប់លោក Neil Armstrong, លោក Buzz Aldrin, និងលោក Michael Collins និងសល់ប៉ុន្មានទៀតសម្រាប់ក្រុមអវកាសយានិកបម្រុង។ ក្នុងចំណោមនោះ ឈុតអវកាសមួយសម្រាប់ការហោះហើរ, ឈុតមួយទៀតសម្រាប់ការហ្វឹកហ្វឺន, និងឈុតចុងក្រោយគឺសម្រាប់ទុកបម្រុង ហើយឈុតទាំងនោះមានច្រើនស្រទាប់ ហើយក្រាស់ៗខ្លាំងថែមទៀតផង។
គួរបញ្ជាក់ថា ស្របពេលដែលមនុស្សលោកយើង កំពុងខិតខំត្រៀមខ្លួនដើម្បីឈានជើងទាំងពីរ ឈាន់លើផ្ទៃនៃភពព្រះអង្គារ (Mars) នោះ សូមកុំភ្លិចពីកិច្ចខិតខំប្រឹងប្រែង ដែលបានជួយនាំយកពួកយើងឲ្យទៅដល់ឋានព្រះច័ន្ទ៕