(បាងកក)៖ ក្រុមអ្នកគាំទ្ររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅមុខអគារតុលាការនៅក្នុងទីក្រុងបាងកក ដើម្បីសម្តែង​ការអបអរ និងលើកទឹកចិត្តចំពោះលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងរបស់​ប្រទេសថៃ ដែលរងការចោទប្រកាន់លើការក្លែងបន្លំ «កម្មវិធីទិញស្រូវពីប្រជាកសិករ» កាលពីលោកស្រីនៅកាន់​អំណាច ហើយសវនាការលើលនេះ គឺជាលើកចុងក្រោយដែលលោកស្រីឡើងធ្វើការស្រាយបំភ្លឺ។ នេះបើតាម​ការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ត្រូវបានយោធាថៃ​ធ្វើរដ្ឋប្រហារទម្លាក់​ចេញពី​តំណែង កាលពីខែឧសភា ឆ្នាំ២០១៤ ហើយក៏ត្រូវ​បានតុលាការ​សម្រេច ហាមឃាត់​ការធ្វើដំណើរ​ចាកចេញ​ពីប្រទេសថៃ ដើម្បី​អនុញ្ញាតឲ្យ​សមត្ថកិច្ចធ្វើ​ការស្រាវជ្រាវ​ពាក់ព័ន្ធពាក្យ​ចោទប្រកាន់ថា លោកស្រី​បានក្លែងបន្លំ និងបោកប្រាស​ប្រជាកសិករ លើកម្មវិធី​ទិញស្រូវ ដែលជាកម្មវិធីដ៏មានប្រជាប្រិយភាព បានជួយឲ្យលោកស្រីជាប់​ឆ្នោតកាលពីឆ្នាំ២០១១។

គួររំលឹកថា លោកស្រី យីងឡាក់ កំពុងប្រឈមមុខការជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ប្រសិនបើតុលាការ​រកឃើញថា អតីតនាយករដ្ឋមន្ត្រី​ជាប្អូនស្រីបង្កើត​របស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ រូបនេះ ពិតជាបានប្រព្រឹត្ត​កំហុសទាំងឡាយ ដូចការចោទប្រកាន់មែននោះ។ សម្រាប់ពេលវេលា​នៃការប្រកាស​សាលក្រម អាចនឹងត្រូវប្រកាស ក្រោយពីសវនាការ​ចុងក្រោយ​លើ លោកស្រី យីងឡាក់​ បញ្ចប់នៅក្នុង​ថ្ងៃសុក្រនេះ៕