(អាមេរិក)៖ អគ្គរដ្ឋអាជ្ញានៃអាមេរិក លោក Jeff Sessions បាននិយាយថា លោកនឹងនៅតែបន្តការងារតាមតួនាទីរបស់ខ្លួនទៅមុខទៀត បើទោះបីជាត្រូវបានប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្វើការវាយប្រហារដោយពាក្យសម្តីធ្ងន់ៗ ជាការឆ្លើយតបនឹងការបដិសេធមិនពាក់ព័ន្ធនឹងការស៊ើបអង្កេត លើទំនាក់ទំនងសម្ងាត់ជាមួយរុស្ស៊ី ដែលកំពុងបន្តដោយគណកម្មការព្រឹទ្ធសភាអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៧។
លោក Sessions បានថ្លែងនៅក្នុងសន្និសីទមួយ រៀបចំឡើងដោយក្រសួងយុត្តិធម៌ថា «ខ្ញុំមានគម្រោងនឹងបន្តធ្វើដូច្នេះ ដរាបណាវាជារឿងសមស្រប។ ខ្ញុំមានទំនុកចិត្តពេញទំហឹងថា ខ្ញុំអាចបន្តកាន់តួនាទីរបស់ខ្ញុំនោះ នៅក្នុងផ្លូវប្រកបដោយប្រសិទ្ធភាពមួយ»។ ការនិយាយរបស់ លោក Sessions ខាងលើនេះ ជាការឆ្លើយតបទៅនឹងសំនួរមួយចំនួន ពាក់ព័ន្ធនឹងការដាក់បន្ទុករបស់ លោក ដូណាល់ ត្រាំ ទៅលើមន្ត្រីច្បាប់កំពូលៗ ដោយកាលពីថ្ងៃពុធសប្តាហ៍នេះ លោក ត្រាំ បាននិយាយថា លោកនឹងមិនតែងតាំង លោក Sessions ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នោះទេ បើសិនជាដឹងមុនថា អគ្គរដ្ឋអាជ្ញារូបនេះនឹងដកខ្លួនចេញពីការស៊ើបអង្កេត ពាក់ព័ន្ធនឹងរឿងរុស្ស៊ីនោះ។
បន្ថែមពីការព្រលះ លោក Sessions លោក ត្រាំ ក៏បានធ្វើការស្តីបន្ទោសផងដែរ ទៅលើអគ្គរដ្ឋអាជ្ញារង លោក Rod Rosenstein និងនាយកស្តីទី FBI លោក Andrew McCabe។ ទោះបីជាបែបនេះក្តី អ្នកនាំពាក្យសេតវិមានអាមេរិក Sarah Sanders បានធ្វើការបកស្រាយនៅមួយថ្ងៃបន្ទាប់ទៀតថា ការរិះគន់របស់ លោក ត្រាំ ទៅលើ លោក Sessions មិនមែនមានន័យថា ប្រធានាធិបតីអាមេរិកបាត់បង់ទំនុកចិត្ត ទៅលើអគ្គរដ្ឋអាជ្ញារូបនេះឡើយ។ អ្នកនាំពាក្យ Sanders បញ្ជាក់ថា «លោក ត្រាំ ផ្តល់ទំនុកចិត្តលើ លោក Sessions បើមិនអ៊ីចឹងទេ លោកនឹងមិនបានកាន់តួនាទី ជាអគ្គរដ្ឋអាជ្ញានោះឡើយ»៕