(អ៊ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលប៉ាគីស្ថានបានច្រានចោលផ្នែកខ្លះ នៃរបាយការណ៍ថ្មីមួយរបស់សហរដ្ឋអាមេរិក ដែលនិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដមិនបានចាត់វិធានការចាំបាច់ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធតាមលីបង់ ឬក្រុម Haqqani អាហ្វហ្គានីស្ថាន ឬក៏ចូលរួមទប់ស្កាត់ការគំរាមកំហែង ពីសំណាក់ក្រុមសកម្មប្រយុទ្ធទាំងនេះ ដល់ផលប្រយោជន៍អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍មួយមានឈ្មោះថា «Country Report on Terrorism 2016» ចេញផ្សាយកាលពីថ្ងៃពុធដោយក្រសួងការបរទេសអាមេរិក ទីក្រុងវ៉ាស៊ីនតោនបានអះអាងដែរថា កាលពីឆ្នាំ២០១៦ ប៉ាគីស្ថានក៏មិនបានចាត់វិធានការគ្រប់គ្រាន់ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដទៃទៀតដូចជា Lashkar-e-Taiba , Jaish-e-Mohammed ដែលជាហេតុធ្វើឱ្យពួកគេ នៅតែអាចបន្តធ្វើប្រតិបត្តិការ និងប្រមូលមូលនិធិនៅក្នុងប្រទេសប៉ាគីស្ថាន។
ប៉ុន្តែជុំវិញរបាយការណ៍នេះដែរ ក្រសួងការបរទេសប៉ាគីស្ថានបានសម្ដែងការជំទាស់យ៉ាងខ្លាំង ហើយនិយាយថា ប្រទេសរបស់ខ្លួនបានចាត់វិធានការតឹងរឹងជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ។ «យើងបានចាត់វិធានការ និងធ្វើសកម្មភាពដោយគ្មានការរើសអើង ប្រឆាំងនឹងពួកភេរវករដែលកំពុងរត់គេចខ្លួន ដោយក្នុងនោះភាគច្រើនក្នុងចំណោមពួកគេ បានរត់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងញាំញីដោយអំពើហិង្សា អស់រយៈពេលជិត ៤០ឆ្នាំមកនេះ... កិច្ចខិតខំប្រឹងបែ្រងរបស់ប៉ាគីស្ថាន ប្រឆាំងភេរវករបានទទួលជោគជ័យ ក៏ដូចជាត្រូវបានទទួលស្គាល់ពីប្រទេសមួយចំនួន ក្នុងនោះមានទំាងសហរដ្ឋអាមេរិកផងដែរ»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Nafees Zakaria៕