(វ៉ាស៊ីនតោន)៖ មន្រ្តីការពារជាតិអាមេរិកបានអះអាងថា ការធ្វើតេស្តមីស៊ីលបន្ទាប់ទៀតរបស់កូរ៉េខាងជើង អាចនឹងកើតចេញពីក្រោមទឹក ខណៈទីក្រុងព្យុងយ៉ាងទំនងជាកំពុងត្រៀមរៀបចំខ្លួន សម្រាប់ការបាញ់មីស៊ីលចេញពីនាវាមុជទឹក នាពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមមន្រ្តីមិនបញ្ចេញអត្តសញ្ញាណចំនួនពីររូប ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ CNN បានឲ្យដឹងថា ក្នុងអំឡុងពេល ៤៨ម៉ោងចុងក្រោយនេះ នាវាមុជទឹកកូរ៉េខាងជើង ដែលមានប្រវែង ៦៥ម៉ែត្រចំនួនមួយគ្រឿង បានបង្ហាញពីសកម្មភាពចល័តដោយខុសពីធម្មតា ដោយនាវាមួយគ្រឿងនោះបានធ្វើដំណើរឆ្ងាយប្លែកជាងរាល់ដង មុនចូលដល់ដែនទឹកអន្តរជាតិ ក្នុងល្បឿនប្រមាណ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោងឆ្ពោះទៅកាន់សមុទ្រជប៉ុន។
មន្រ្តីមួយរូបក្នុងចំណោមនោះបានឲ្យដឹងថា សកម្មភាពគួរឲ្យសង្ស័យបែបនេះរបស់នាវាមុជទឹកកូរ៉េខាងជើង បានបណ្តាលឲ្យកងទ័ពកូរ៉េខាងត្បូងក៏ដូចជាអាមេរិក បង្កើនការប្រុងប្រយ័ត្នរបស់ពួកគេបន្តិច ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងដាក់ក្រសែភ្នែកឃ្លាំមើលនាវាមួយគ្រឿងនោះយ៉ាងជាប់ តាមរយៈឧបករណ៍ស៊ើបការណ៍។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញជាច្រើន ប្រទេសកូរ៉េខាងជើងអាចមាននាវាមុជទឹកដល់ទៅ ៧០គ្រឿង ក៏ប៉ុន្តែភាគច្រើនពួកវា ប្រហែលជាពុំមានសមត្ថភាពបាញ់មីស៊ីលបាននោះឡើយ។ ទោះជាបែបនេះក្តី ទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់សាកល្បងមីស៊ីលមួយគ្រាប់ដោយជោគជ័យ ចេញពីនាវាមុជទឹកប្រភេទ Gorae កាលពីខែសីហា ឆ្នាំ២០១៦៕