(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ទីបំផុតនឹងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវនាវាដឹកយន្តហោះចម្បាំងជំនាន់ថ្មីបំផុតរបស់ខ្លួន មានឈ្មោះថា Gerald R. Ford ដែលមានតម្លៃដល់ទៅប្រមាណ ១៣ពាន់លានដុល្លារ នាថ្ងៃទី២២ ខែកក្កដាស្អែកនេះ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាពពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បន្ទាប់វាត្រូវបានដំណើរការសាកល្បង ចាប់តាំងពីខែឧសភាកន្លងទៅ ហើយឆ្លងកាត់ការកែតម្រូវបញ្ហាមួយចំនួនរួមមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសជូនដំណឹង របស់ក្រសួងការពារជាតិអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើការថ្លែងសុន្ទរកថា នាឱកាសចូលរួមក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការរបស់កងទ័ពជើងទឹកអាមេរិក នូវនាវាដឹកយន្តហោះចម្បាំងជំនាន់ថ្មី Gerald R. Ford នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។
ក្រសួងការពារជាតិអាមេរិកបានលើកឡើងថា USS Gerald R. Ford គឺជានាវាដំបូងគេក្នុងចំណោមនាវាដឹកយន្តហោះចម្បាំងប្រភេទ Ford ដែលជាប្រភេទថ្មីសន្លាងបំផុត នៅក្នុងអំឡុងពេលជាង ៤០ឆ្នាំកន្លងទៅនេះ។ យោងតាមសេចក្តីប្រកាសដដែល កងទ័ពជើងទឹកអាមេរិកបានគ្រោងនឹងចំណាយថវិកាប្រមាណ ៤៣ពាន់លានដុល្លារ ទៅលើការអភិវឌ្ឍក៏ដូចជាសាងសង់ នាវាដឹកយន្តហោះចម្បាំងប្រភេទ Ford នេះចំនួនបីគ្រឿង រួមមានGerald R. Ford (CVN 78) នេះផ្ទាល់, John F. Kennedy (CVN 79), និង Enterprise (CVN 80)៕
គួរបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំងថ្មីនេះ ត្រូវបានដាក់ឈ្មោះឲ្យតាមប្រធានាធិបតីទី ៣៨នៃសហរដ្ឋអាមេរិក។ លោក Ford បានក្លាយជាមេដឹកនាំអាមេរិកបន្ទាប់ពី លោក Richard Nixon បានលាលែងចេញពីតំណែង នៅចំពោះមុខរឿងអាស្រូវ Watergate កាលពីឆ្នាំ១៩៧៧៕