(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានទទូចជាថ្មីម្ដងទៀតឱ្យកូរ៉េខាងជើង ទទួលយកការរៀបចំកិច្ចចរចាយោធាអន្តរកូរ៉េ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែន ខណៈទីក្រុងព្យុងយ៉ាង នៅតែព្រងើយកន្ដើយនឹងសំណើនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍ រដ្ឋាភិបាលប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានដាក់សំណើទៅកាន់របបដឹកនាំ លោក គីម ជុងអ៊ុន ទាក់ទិននឹងការរៀបចំកិច្ចចរចាដែលគ្រោងនឹង ធ្វើឡើងនៅថ្ងៃសុក្រនេះ នៅឯភូមិ Panmunjom។ ក៏ប៉ុន្តែកូរ៉េខាងជើង មិនបានឆ្លើយតបនឹងសំណើនេះទេ ហើយមិនតែប៉ុណ្ណោះកាសែតរដ្ឋកុម្មុយនីស្ដមួយនេះ Rodong Sinmun ក៏បាន ទាត់ចោលផងដែរនូវគោលបំណងរបស់ទីក្រុងសេអ៊ូល ដែលចង់ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទំាងពីរប្រសើរឡើង ដោយបញ្ជាក់ថា វាគឺជារឿងឆ្កួតបំផុតដែលកូរ៉េខាងត្បូងសង្ឃឹមថា អាចនឹងធ្វើឱ្យប្រសើរឡើងទំនាក់ទំនងកូរ៉េទាំងពីរ ខណៈខ្លួនកំពុងប្រកាន់គោលនយោបាយប្រឆាំងនឹងកូរ៉េខាងជើង និងមិនព្រមបោះបង់ចោលភាពជាចំណុះសហរដ្ឋអាមេរិក។ ដូច្នេះកូរ៉េខាងត្បូង ត្រូវតែសម្រេចចិត្តឱ្យច្បាស់ថាតើគួរបន្ត ប្រកាន់គោលនយោបាយអរិភាព និងរណបសហរដ្ឋអាមេរិក ឬក៏យ៉ាងណា មុននឹងអង្គុយចរចាជាមួយទីក្រុងព្យុងយ៉ាង។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅតែទទូចដដែលឱ្យទីក្រុងព្យុងយ៉ាងទទួលយកសំណើនេះ។ «ក្រសួងការពារជាតិជាថ្មីម្ដងទៀត អំពាវនាវឱ្យកូរ៉េខាងជើងឆ្លើយតបជាវិជ្ជមាន ចំពោះសំណើរបស់យើងឱ្យបានកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបាន»។ នេះបើតាមសេចក្ដីថ្លែងការណ៍ នៃក្រសួងការពារជាតិកូរ៉េខាងត្បូង»៕