(អង់ការ៉ា)៖ មនុស្សយ៉ាងតិចចំនួនពីរនាក់ នៅលើកោះក្រិច Kos បានបាត់បង់ជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារភាគនីរតីនៃប្រទេសតួកគី និងបណ្តាកោះមួយចំនួនរបស់ប្រទេសក្រិច។ ជាមួយគ្នានេះ មនុស្សជាច្រើននាក់ទៀត ក៏បានទទួលរងរបួសផងដែរ ស្របពេលដែលផ្លូវថ្នល់និងអគារមួយចំនួន នៅតាមបណ្តោយឆ្នេរតួកគី និងកោះរបស់ក្រិច បានទទួលរងការខូចខាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។
ជាងនេះទៅទៀត ហេតុការណ៍ខាងលើ ក៏បានបង្កឡើងជារលកស៊ូណាមិតូចៗនៅភាគនិរតីប្រទេសតួកគីផងដែរ ក៏ប៉ុន្តែត្រូវគេរាយការណ៍ថា មិនបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរខ្លាំងនោះឡើយ។ យោងតាមសេចក្តីរាយការណ៍ព័ត៌មានជាច្រើន អភិបាលកោះ Kos របស់ប្រទេសក្រិច បានឲ្យដឹងថា មនុស្សដែលបានបាត់បង់ជីវិតតាំងពីរនាក់គឺស្ថិតនៅទីនោះ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ក្រិច ហើយមនុស្សមួយចំនួនទៀត នៅលើកោះ Kos ក៏បានរងរបួសផងដែរ។
គួរបញ្ជាក់ថា កោះរបស់ក្រិចមួយផ្សេងទៀតឈ្មោះថា Rhoades ក៏បានទទួលរងផលប៉ះពាល់ផងដែរ ស្របពេលដែលគ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រជាមួយជម្រៅប្រមាណ១០គីឡូម៉ែត្រនេះ បានបង្កការខូចខាតក៏ដូចជាបំផ្លិចបំផ្លាញទាំងនៅប្រទេសតួកគីនិងក្រិច៕