(គុយវ៉ែត)៖ រដ្ឋាភិបាលគុយវ៉ែត នៅថ្ងៃព្រហស្បតិ៍នេះ បានទុករយៈពេល៤៨ថ្ងៃឱ្យអគ្គរដ្ឋទូតអ៊ីរ៉ង់ចាកចេញពីប្រទេស នៅក្នុងបរិបទនៃជម្លោះការទូតរវាងប្រទេសទាំងពីរ។ នេះបើតាម សារព័ត៌មានអ៊ីរ៉ង់ ISNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិចនាយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA ការសម្រេចចិត្តភ្លាមៗបែបនេះ របស់គុយវ៉ែត ធ្វើឡើងបន្ទាប់ពីមានសវនាការលើរឿងក្ដីមួយពាក់ព័ន្ធនឹងក្រុមបណ្ដាញចារកម្មរបស់អ៊ីរ៉ង់។ «ក្រោមសម្ពាធនៃ នយោបាយអន្តរាគមន៍របស់អារ៉ាប៊ីសាអូឌីត ព្រមទំាងការចោទប្រកាន់គ្មានមូលដ្ឋានថាអ៊ីរ៉ង់បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ...រដ្ឋាភិបាលគុយវ៉ែតបានបញ្ជាឱ្យ...អគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំគុយវ៉ែត លោក Alireza Enayati ចាកចេញពីប្រទេសក្នុងរយៈពេល៤៨ថ្ងៃ»។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA។
គួរបញ្ជាក់ថា បើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសគុយវ៉ែត បានកោះហៅអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបញ្ជាឱ្យកាត់បន្ថយចំនួនមន្ត្រីទូតអ៊ីរ៉ង់ពី១៩នាក់ មកនៅត្រឹម ០៤នាក់ រីឯបេសកកម្មវប្បធម៌ និងយោធាអ៊ីរ៉ង់ ត្រូវបិទទ្វារតែម្ដង។ ជម្លោះការទូតនេះកើតឡើង ក្រោយតុលាការគុយវែត កាត់ទោសបុរស២៣នាក់ ក្នុងនោះមានជនជាតិអ៊ីរ៉ង់ម្នាក់ និងអ្នកនៅសល់ជាពលរដ្ឋគុយវែត ក្រោមបទចោទប្រកាន់ថាបានធ្វើចារកម្មឱ្យទីក្រុងតេហេរ៉ង់ និងក្រុមឧទ្ទាមហេសប៊ូលឡា កាលពីឆ្នាំ២០១៦៕
លោក Alireza Enayati អគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំគុយវ៉ែត