(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សារព័ត៌មាន CNN បានរាយការណ៍ថា កូរ៉េខាងជើងទំនងជាកំពុងរៀបចំការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ឬក៏មីស៊ីលរយៈចំងាយមធ្យមជាថ្មីម្ដងទៀត នៅក្នុងរយៈពេល ពីរសប្ដាហ៍ខាងមុខនេះ ក្រោយទទួលជោគជ័យលើការធ្វើតេស្ដមីស៊ីល ICBM ជាលើកដំបូងកាលពីថ្ងៃទី០៤ ខែកក្កដា៕
២៖ អ៊ីរ៉ង់ បានដាស់តឿនសហរដ្ឋអាមេរិក ឱ្យផ្លាស់ប្តូរមូលដ្ឋានទ័ពចេញទៅឲ្យឆ្ងាយហួសពី ១,០០០គីឡូម៉ែត្រ ពីព្រំដែនរបស់ខ្លួន បើសិនជាចង់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេហេរ៉ង់ បើមិនដូច្នោះទេ ទីក្រុងវ៉ាស៊ីនតោន អាចប្រឈមមុខនឹងហានិភ័យជាមួយការតបស្នងជាតម្លៃមកវិញយ៉ាងសាកសម៕
៣៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបញ្ឈប់ផែនការសម្ងាត់របស់ទីភ្នាក់ចារកិច្ច CIA ក្នុងការបំពាក់អាវុធ និងបណ្ដុះបណ្ដាលក្រុមឧទ្ទាមស៊ីរី ដើម្បីផ្ដួលរំលំរដ្ឋាភិបាលប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាស្សាដ៕
៤៖ ក្រសួងការពារជាតិរុស្ស៊ី បានដាក់តាំងបង្ហាញជាលើកដំបូងនូវយន្ដហោះចម្បាំងជំនាន់ទី០៥ T-50 (PAK FA) ដែលអាចហោះក្នុងល្បឿនអតិបរាម៉ា២៦០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងត្រូវបានរចនាឡើងដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាព និងសុវត្ថិភាពហោះហើរ របស់កងកម្លាំងទ័ពអាកាសរុស្ស៊ី៕
៥៖ ព្រឹទ្ធសមាជិកអាមេរិកនៃគណបក្សសាធារណៈរដ្ឋ លោក John McCain ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថាលោកមានជំងឺមហារីកខួរក្បាលស្ថិតនៅក្នុងតំណាក់កាលមួយដ៏គ្រោះថ្នាក់៕
៦៖ ចំនួនមនុស្សបាត់បង់ជីវិតបានកើនដល់ ០៨នាក់ហើយ និងបួននាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះត្រូពិក Talas បានវាយលុកលើបណ្តាខេត្តភាគកណ្តាលប្រទេសវៀតណាម កាលពីដើមសប្តាហ៍នេះ៕