(តួកគី)៖ អស់រយៈពេលជាងមួយឆ្នាំ ចាប់តាំងពីផ្ទុះការធ្វើរដ្ធប្រហារមិនបានជោគជ័យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ មក។ នាយករដ្ឋមន្ត្រី Yıldırım បាននិយាយថា លោកមិនបានស្គាល់អ្នកដែលប៉ុនប៉ង ធ្វើរដ្ឋប្រហារនោះទេ ខណៈពេលដែលលោកបានទម្លាក់ទង្វើនេះទៅលើចលនា Gülen។ នេះបើតាមបទសម្ភាសន៍មួយ ដែលបានចុះផ្សាយដោយសារព័ត៌មានតួកគី Hürriyet ។
នៅក្នុងអត្ថបទមួយស្តីពីកិច្ចសម្ភាសន៍ជាមួយលោក Yıldırım អ្នកកាសែតលោក Murat Yetkin បានគូសបញ្ជាក់ថា លោក Yıldırım នៅតែពុំសប្បាយចិត្តជាមួយ អនុរដ្ឋលេខាធិការអង្គការស៊ើបការណ៍ជាតិ (MIT) លោក Hakan Fidan ដែលមិនបានជូនដំណឹងដល់រូបលោក អំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំមុនេះ ថ្វីបើតាមពិតលោក Fidan បានដឹងពីរឿងប្រហារនេះ នៅប៉ុន្មានម៉ោងមុនពេលវាចាប់ផ្តើមក៏ដោយ។
លោកនាយករដ្ឋមន្រ្តីតួកគី បាននិយាយថាលោក Fidan បានហៅទូរស័ព្ទមកកាន់លោក និងបានជជែកគ្នាអស់ពេលមួយសន្ទុះ ពោលគឺចាប់ពីម៉ោង២២៖៣០នាទី ដល់ម៉ោង២២៖៤០នាទី ឬ២៣៖០០នាទី។ តែវាមិនត្រូវបានគេដឹងថា តើលោក Fidan ធ្លាប់បានហៅទួរស័ព្ទទៅលោក Yıldırım ពីមុន ដែរឬក៏អត់នោះទេ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីតួកគី បានអះអាងយ៉ាងច្បាស់ថា លោកមិនបានទទួលដំណឹងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារពីលោក Fidan ឡើយ។
ពេលវេលាដែលលោក Yıldırım និយាយគ្នាជាមួយលោក Fidan គឺសំខាន់ណាស់ ពីព្រោះថាលោកនាយករដ្ឋមន្រ្តី បានធ្វើការសន្ទនាដោយផ្ទាល់ជាមួយនឹងស្ថានីយទូរទស្សន៍តួកគី NTV នៅម៉ោង២២:០៣ អំពីការប្រកាសជាផ្លួវការលើកទីមួយ ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយបានថ្លែងថាការប៉ុនប៉ងនេះ មិនមែនត្រូវបានឡើងក្រោមបទបញ្ជាពីកងកម្លាំងប្រដាប់អាវុធតួកគីផ្ទាល់នោះទេ ប៉ុន្តែផ្ទុយទៅវិញវាគឺជាកិច្ចប្រឹងប្រែងរបស់ក្រុមយោធាមួយចំនួន ដែលស្ថិតក្នុងជួរកងទ័ព រួមជាមួយនិងក្រុមចលនា Fethullahists (សំដៅទៅលើបុព្វជិតឈ្មោះ Fethullah Gülen) ដែលជាអ្នកនៅពីក្រោយគម្រោងធ្វើរដ្ឋប្រហារនេះ។
ដោយឡែកមានសំនួរចោទសួរថា តើវាអាចទៅរួចយ៉ាងដូចម្តេចបាន ដែលលោកនាយករដ្ឋមន្ត្រីតួកគី មិនត្រូវបានគេជូនដំណឹងនៅម៉ោង២២:៤០ ខណៈពេលដែលដំណឹងដ៏សំខាន់នេះ បានលេចលឺទៅដល់អង្គការស៊ើបការណ៍ជាតិ (MIT) នៅម៉ោង១៦:១០ ទាក់ទិននឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយដែលអាចនឹងកើតឡើង។ ជានេះទៅទៀតលោក Fidan បានធ្វើដំណើរទៅកាន់ទីស្នាក់ការយោធានៅម៉ោង១៨:១០ ដើម្បីនិយាយជាមួយឧត្តមសេនីយ៍ឯកលោក Hulusi Akar អំពីថាតើផែនការនេះមានលក្ខណៈធ្ងន់ធ្ងរដល់កម្រិតណា។ រីឯលោក Yetkin ក៏បានលើកជាសំណួរផងដែរថា តើវាអាចទៅរួចបានយ៉ាងម្តេចដែលលោក Yıldırım មិនជ្រាបអំពី ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ទោះបីជាជាក់ស្តែង មានទាហានមួយចំនួនបានដើរនៅតាមដងផ្លូវ ហើយយន្ដហោះបានធ្វើហោះហើរពីលើទីក្រុងអង់ការ៉ា ចាប់តាំងពីម៉ោង២១:០០ដ៏ដោយ។
លោក Yetkin បានសង្កត់ធ្ងន់ថានាយករដ្ឋមន្រ្តីតួកគីលោក Yıldırım នៅតែមិនសប្បាយចិត្តជាខ្លាំង ជុំវិញរឿងដែលមិនត្រូវ បានជូនដំណឹងដោយអង្គការ MIT បើទោះបីជាការប៉ុនប៉ងធ្វើរដ្ឋប្រហារកន្លងផុត ទៅអស់រយៈពេលមួយឆ្នាំក៏ដោយ។ «ខ្ញុំបានលើកឡើងពីបញ្ហាចោទនេះទៅកាន់ប្រធាន MIT ហើយ។ តើវាអាចទៅរួចបានយ៉ាងដូចម្តេច ដែលលោកនាយករដ្ឋមន្ត្រីមិនបានដឹងពីរឿងនេះ ហើយប្រធានាធិបតីក៏មិនបានដឹងអំពីវា។ ការជូនដំណឹងដល់នាយឧត្តមសេនីយ៍គឺជារឿងធម្មតាទេ ប៉ុន្តែនាយករដ្ឋមន្ត្រីគួរតែត្រូវបានគេជូនដំណឹងអំពីរឿងដ៏ធំបែបនេះ។ ប៉ុន្តែលោក Fidan មិនអាចឆ្លើយតបនឹងបញ្ហានេះបានទេ ហើយលោកក៏ពុំបាននិយាយអ្វីទៀតដែរ»។ នេះបើតាមលោក Yıldırım និយាយនៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន៕