(វ៉ាស៊ីនតោន)៖ មូលនិធិរុស្ស៊ីសម្រាប់ការស្រាវជ្រាវ ឬហៅកាត់ថា FPI បាននិយាយថា ខ្លួនបានដាក់តាំងបង្ហាញជាលើកដំបូង នូវយន្ដហោះចម្បាំងជំនាន់ទី០៥ T-50 (PAK FA) ដែលត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាព និងសុវត្ថិភាពហោះហើរ របស់កងកម្លាំងទ័ពអាកាសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។
FPI នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ EPI វាគឺជាលើកដំបូងដែលបានដាក់តាំងបង្ហាញយន្ដហោះចម្បាំងជំនាន់ទី០៥ Sukhoi T-50 (PAK FA) នៅឯពិធីតាំងពិព័ត៌មានយន្ដហោះចម្បាំង MAKS-2017 ... T-50 (PAK FA) គឺជាប្រភេទយន្ដហោះដ៏អស្ចារ្យ មានសមត្ថភាពហោះហើរនៅរយៈកំពស់ខ្ពស់បំផុតមួយ និងល្បឿលឿនដល់ទៅ ២,៦០០គីឡូម៉ែត្រក្នុងម៉ោង ព្រមទំាងត្រូវបានបំពាក់ដោយបរិក្ខាយោធាទំនើបចុងក្រោយបំផុត និងប្រព័ន្ធរ៉ាដា... ហើយមិនតែប៉ុណ្ណោះ វាក៏មានមុខងារជាច្រើនក្នុងវាយប្រហារ ទៅលើគោលដៅសត្រូវផងដែរ»។
គួរបញ្ជាក់ថា បើតាមក្រសួងការពាររុស្ស៊ី កងកម្លាំងទ័ពអាកាសរុស្ស៊ី អាចនឹងទទួលបានយន្ដហោះចម្បាំង T-50 (PAK FA) យ៉ាងយូរនៅឆ្នាំ២០១៩៕