(ហាណូយ)៖ ចំនួនមនុស្សបាត់បង់ជីវិតបានកើនដល់ ០៨នាក់ហើយ និងបួននាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះត្រូពិក Talas បានវាយលុកលើបណ្តាខេត្តភាគកណ្តាលប្រទេសវៀតណាម កាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកទប់ស្កាត់ និងគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម ព្យុះកំណាចខាងលើបានបណ្តាលឲ្យ ផ្ទះសម្បែងសរុបចំនួន ១៧៥ខ្នងដួលរលំ និងជិត ៦,២០០ខ្នងរងការខូចខាត។ ជាងនេះទៅទៀតវាបានបង្កឲ្យកប៉ាល់ និងទូកនេសាទចំនួន ៥៧គ្រឿងលិចលង់។ ជាមួយគ្នានេះព្យុះត្រូពិក Talas ក៏បានបំផ្លិចបំផ្លាញផ្ទៃដីស្រែ និងចម្ការជិត ៥០,០០០ហិកតាថែមទៀតផង ហើយបង្កការខូចខាតដល់ផ្លូវថ្នល់ និងស្ពានជាច្រើនខ្សែថែមទៀតផង។
គួរបញ្ជាក់ថា នៅក្នុងអំឡុងពេល ០៦ខែដំបូងនៃឆ្នាំ២០១៧នេះ គ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសវៀតណាមបានផ្តាច់ជីវិត និងធ្វើឲ្យមនុស្សបាត់ខ្លួនសរុប ២៧នាក់, បង្ករបួសស្នាម ៣០នាក់, ធ្វើឲ្យខូចខាតផ្ទះសម្បែង ៥,៩០០ខ្នង, និងបំផ្លិចបំផ្លាញផ្ទៃដីដាំដុះប្រមាណ ១១,៤០០ហិកតា ហើយបង្កជាការខាតបង់ផ្នែកហិរញ្ញវត្ថុ គិតជាទឹកប្រាក់សរុបជាង ៤៣៣ពាន់ពាន់លានដុង ឬ ១៩.២លានដុល្លារអាមេរិក។ នេះបើតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាម៕