(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា វាគឺជារឿងឆ្កួតបំផុតដែលកូរ៉េខាងត្បូងសង្ឃឹមថា អាចនឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈទីក្រុងសេអ៊ូលកំពុងប្រកាន់គោលនយោបាយប្រឆាំងនឹងកូរ៉េខាងជើង និងមិនព្រមបោះបង់ចោលភាពជាចំណុះសហរដ្ឋអាមេរិកនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។
ការអត្ថាធិប្បាយបែបនេះរបស់កូរ៉េខាងជើង ធ្វើឡើងតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងសេអ៊ូល បានដាក់សំណើរៀបចំកិច្ចចរចាយោធាអន្តរកូរ៉េ នៅថ្ងៃសុក្រស្អែកនេះនៅឯភូមិ Panmunjom ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅតាមតំបន់ព្រំដែន ក៏ដូចជាបើកកិច្ចសន្ទនានៅថ្ងៃទី០១ ខែសីហា សំដៅដាក់ដំណើរការឡើងវិញ នូវពិធីជួបជុំគ្រួសារកូរ៉េដែលបានព្រាត់ប្រាសគ្នា អំឡុងសម័យសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣)។
ក៏ប៉ុន្តែនៅក្នុងបទវិចារណកថារបស់ខ្លួន សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានទាត់ចោលសំណើនេះ ព្រមទាំងអំពាវនាវផងដែរឱ្យកូរ៉េខាងត្បូង ត្រូវតែសម្រេចចិត្តឱ្យច្បាស់ថា តើគួរបន្ត ប្រកាន់គោលនយោបាយអរិភាព និងរណបសហរដ្ឋអាមេរិក ឬក៏យ៉ាងណា មុននឹងអង្គុយចរចាជាមួយទីក្រុងព្យុងយ៉ាង។ «គោលនយោបាយប្រឈមមុខដាក់គ្នា និងអរិភាព ឬភាពជាសត្រូវ គឺជារឿងត្រូវដោះស្រាយជាមុន ដើម្បីបើកទ្វារកិច្ចចរចាអន្តរកូរ៉េ»។ នេះបើតាមកាសែត Rodong Sinmun។
គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន CNN កូរ៉េខាងជើងទំនងជាកំពុងរៀបចំការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ឬក៏មីស៊ីលរយៈចំងាយមធ្យមជាថ្មីម្ដងទៀត នៅក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខនេះ។ ម្យ៉ាងវិញទៀតបើទោះជា កិច្ចចរចាត្រូវធ្វើឡើងមែន ក៏គេមិនប្រាកដនោះដែរថា វានឹងមានលទ្ធផលល្អ ត្បិតកូរ៉េខាងជើងបានបញ្ជាក់ជាច្រើនដងរួចហើយថា បើចង់ចរចារឿងបោះបង់ចោលអាវុធនុយក្លេអ៊ែរ គឺគ្មានផ្លូវជាដាច់ខាត៕