(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកអាមេរិកនៃគណបក្សសាធារណៈរដ្ឋ លោក John McCain ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ និងរកឃើញថា លោកមានជំងឺមហារីកខួរក្បាលស្ថិតនៅក្នុងតំណាក់កាលដ៏គ្រោះថ្នាក់មួយផងដែរ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់មន្ទីរពេទ្យ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។
លោក John McCain មានអាយុច្រើនរហូតដល់ ៨០ឆ្នាំទៅហើយនោះ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា មានដុះដុំសាច់នៅក្នុងខួរក្បាល បន្ទាប់ពីលោកបានទទួលការវះកាត់ យកកំណកឈាមចេញពីភ្នែកខាងឆ្វេង នៅឯមន្ទីរពេទ្យក្នុងទីក្រុង Phoenix កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ មន្ទីរពេទ្យ Mayo Clinic នៅក្នុងសេក្ដីថ្លែងការណ៍របស់ខ្លួន បានឱ្យដឹងយ៉ាងដូច្នេះថា «យោងតាមការធ្វើរោគវិនិច្ឆ័យបង្ហាញថា មានដុំសាច់ដុះក្នុងខួរក្បាលមួយផ្នែក ដែលគេស្គាល់ថា Glioblastoma មានជាប់ពាក់ព័ន្ធនឹងកំណកឈាម... ហើយលោក John McCain និងក្រុមគ្រួសារ កំពុងពិនិត្យលើវិធីសាស្ត្រព្យាបាល តាមរយៈវេជ្ជសាស្រ្តគីមី ឬក៏វិទ្យុសកម្ម។
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍មួយផ្សេងទៀត នៃការិយាល័យលោក McCain ព្រឹទ្ធសមាជិករូបនេះមានស្ថានភាពល្អ ក្រោយទទួលការវះកាត់យកកំណកឈាមចេញពីភ្នែកខាងឆ្វេង កាលពីថ្ងៃសុក្រ ហើយលោកមានទំនុកចិត្តថា ការព្យាបាលនៅពេលខាងមុខនឹងមានប្រសិទ្ធភាព៕