(វ៉ាស៊ីនតោន)​៖ ក្រសួងការពារជាតិ​អាមេរិក​បានលើកឡើងថា ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋតួកគី ស្តីពី​ទីតាំង​​នៃ​មូល​ដ្ឋាន​យោ​ធា​​របស់​​សហ​រដ្ឋ​អា​មេ​រិក នៅ​ក្នុង​ប្រទេស​​ស៊ីរីនោះ​អាចធ្វើ​ឲ្យកងទ័ពអាមេរិក​ស្ថិតក្រោមភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ​បាន ខណៈទីក្រុង​វ៉ាស៊ីនតោន​ក៏បានត្អូញ​ត្អែរអំពីបញ្ហានេះ​ទៅកាន់ប្រទេស​តួកគី ដែលជាសមាជិកដ៏សំខាន់​របស់​អង្គការ NATO ផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។

កាលពីថ្ងៃអង្គារ​សប្តាហ៍នេះ ទីភ្នាក់ងារ​ព័ត៌មាន Anadolu បានចេញផ្សាយ​សេចក្តីរាយការណ៍​មួយ ដែលបញ្ជាក់ពី​ទីតាំងនៃមូលដ្ឋាន​យោធា​ចំនួន ​១០របស់សហរដ្ឋអាមេរិក នៅភាគខាងជើង​ប្រទេសស៊ីរី ហើយថែម​ទាំងបានឲ្យ​ដឹងលម្អិតអំពី ចំនួនពលទាហាន​អាមេរិក និងបារាំង​ដែលមានវត្ត​មាន​នៅទីនោះ​ទៀតផង។

ជុំវិញរឿងនេះ​អ្នកនាំពាក្យ​មន្ទីរបញ្ចកោន (ក្រសួង​ការពារជាតិ​អាមេរិក) លោក Eric Pahon បានថ្លែងថា «ការបញ្ចេញព័ត៌មាន​យោធា​ដ៏សំខាន់​បែបនេះ បានបង្ក​ឲ្យកងកម្លាំង​ចម្រុះអន្តរជាតិ ស្ថិតក្រោម​ហានិភ័យ​ក៏ដូចជាគ្រោះថ្នាក់ ដែលមិន​ចាំបាច់ ហើយទង្វើ​នេះ​​មាន​សក្តានុ​ពល​​អាចបី​​បង្កការរាំង​ស្ទះដល់ប្រតិបត្តិការ​កម្ចាត់ក្រុម ISIS ដែលកំពុងតែ​ប្រព្រឹត្តទៅយ៉ាងក្តៅគគុក»។ លោក Pahon បានបន្តថា «ស្របពេលដែល​យើង​មិន​អាច​បញ្ជាក់ពី​ប្រភព ដែលបានចូលរួមចំណែក​ក្នុងរឿងនេះបាន ពួកយើងនឹង​មានក្តីព្រួយបារម្ភ​ជាខ្លាំង ប្រសិនបើ​មន្រ្តីមកពីប្រទេស​សម្ព័ន្ធមិត្ត​​របស់ NATO បានប៉ុនប៉ង​បង្កគ្រោះថ្នាក់​ដោយចេតនា​ដល់កងទ័ព​របស់យើង តាមរយៈការ​បញ្ចេញព័ត៌មាន​ទាំងនេះ»

គួរបញ្ជាក់ថា បើតាមលោក Pahon សហរដ្ឋអាមេរិក​បានបង្ហាញ​ពីក្តីព្រួយបារម្ភ​របស់ខ្លួន ទៅកាន់តួកគី​រួចរាល់​ហើយ។ យ៉ាងណា​មិញ​ទំនាក់​ទំនង​រវាងទីក្រុងអង់ការ៉ា និងទីក្រុង​វ៉ាស៊ីនតោន បានទទួលរង​ភាពរង្គោះរង្គើរ​ស្រាប់ទៅហើយ ដោយសារ​ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេ​​រិក​ ក្នុងការគាំទ្រ និងផ្តល់សព្វាវុធ​ដល់ក្រុមអ្នក​ប្រយុទ្ធឃើដ YPG ដើម្បីកម្ចាត់​ក្រុមរដ្ឋ​អ៊ីស្លាម ISIS ចេញពីក្រុង Raqqa ដែលជាមូលដ្ឋាន​ស្នូលរបស់​​ពួកគេ នៅក្នុង​ប្រទេសស៊ីរី។ តួកគី​ចាត់ទុកថា YPG ជាចង្កោម​របស់គណបក្ស​ពលករ​ឃើដ ជាពួកឧទ្ទាមឃើដ​ចង់ផ្តាច់រដ្ឋ ដែលបាន​និងកំពុង​បង្ក​ការបះបោរ​នៅភាគអាគ្នេយ៍​តួកគី ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០​មកម្ល៉េះ៕ ​