(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបញ្ឈប់ផែនការសម្ងាត់របស់ទីភ្នាក់ចារកិច្ច CIA ក្នុងការបំពាក់អាវុធ និងបណ្ដុះបណ្ដាលក្រុមឧទ្ទាមស៊ីរី ដើម្បីផ្ដួលរំលំរដ្ឋាភិបាលប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ។ នេះបើតាមប្រភពពីមន្ត្រីអាមេរិកពីររូប ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងពីរនាក់នេះ បានបញ្ជាក់ថា ការសម្រេចចិត្តបែបនេះរបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ ក្នុង ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយរុស្ស៊ី ប៉ុន្តែបើសិនវាជាការពិតនោះ ទីក្រុងម៉ូស្គូ និងទីក្រុងតេហេរ៉ង់ អាចនឹងទទួលបានជ័យជម្នះ ដោយរក្សាអំណាចឱ្យលោក អាស្សាដ នៅក្នុងសង្រ្គាម រ៉ាំរ៉ៃអូសបន្លាយពេលជាង ០៦ឆ្នាំមកនេះ ហើយអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក៏នឹងមិនពេញចិត្តចំពោះរឿងនេះដែរ។ បន្ថែមពីលើនេះ មន្ត្រីទំាងរូបនេះនៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ក៏បានឱ្យដឹងទៀតថា ផែនការ CIA បានចាប់ផ្ដើមអនុវត្តន៍កាលពីឆ្នាំ២០១៣ ដោយអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដើម្បីផ្ដួលរំលំរបបដឹកនាំលោក អាស្សាដ តែហាក់ដូចជាទទួលលទ្ធផលបន្តិចបន្តួចប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសារព័ត៌មាន Washington Post បានរាយការណ៍ផងដែរថា ផែនការសម្ងាត់របស់ទីភ្នាក់ចារកិច្ច CIA ក្នុងការបំពាក់អាវុធ និងបណ្ដុះបណ្ដាលក្រុមឧទ្ទាមស៊ីរី ត្រូវ បានផ្អាកជាបណ្ដោះអាសន្ន ខណៈអ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានបដិសេធមិនធ្វើការអត្ថាធិប្បាយ រីឯ CIA ផ្ទាល់ក៏មិនបាននិយាយអ្វីដែរ ពាក់ព័ន្ធនឹងព័ត៌មាននេះ៕