(តេហេរ៉ង់)៖ សហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្តូរមូលដ្ឋានទ័ពរបស់ខ្លួន ចេញទៅឲ្យឆ្ងាយហួសពី ១,០០០គីឡូម៉ែត្រ ពីព្រំដែនរបស់ប្រទេសអ៊ីរ៉ង់ បើសិនជាខ្លួនគ្រោងនឹងបន្តដាក់ទណ្ឌកម្មឥតឈប់ឈរ ប្រឆាំងមកលើទីក្រុងតេហេរ៉ង់ ព្រោះថា បើមិនដូច្នោះទេទីក្រុងវ៉ាស៊ីនតោនអាចប្រឈមមុខនឹងហានិភ័យ ជាមួយការតបស្នងជាតម្លៃមកវិញយ៉ាងសាកសម។ នេះបើតាមសម្តីមេបញ្ជាការនៃកងឆ្មាំការពារជាតិអ៊ីរ៉ង់ (IRGC) លោកឧត្តមសេនីយ៍ Mohammad Ali Jafari ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។
លោក Jafari បានលើកឡើងថា «នៅក្នុងករណីដែលអាមេរិក នៅតែចចេសចង់បន្តដាក់ទណ្ឌកម្ម ប្រឆាំងនឹងស្ថាប័នការពារជាតិ និងកងកម្លាំង IRGC របស់អ៊ីរ៉ង់នោះ ជាដំបូងទីក្រុងវ៉ាស៊ីនតោនចាំបាច់ ត្រូវធ្វើការរុះរើមូលដ្ឋានទ័ពក្នុងតំបន់មជ្ឈិមបូព៌ារបស់ខ្លួន ដែលស្ថិតក្នុងរយៈចម្ងាយ ១,០០០គីឡូម៉ែត្រជុំវិញព្រំប្រទល់ប្រទេសអ៊ីរ៉ង់សិនទៅ»។ មេទ័ពអ៊ីរ៉ង់រូបនេះបានបន្តថា «សហរដ្ឋអាមេរិកគួរតែជ្រាបឲ្យបានច្បាស់ថា ខ្លួននឹងត្រូវធ្វើការតបស្នងមកវិញក្នុងតម្លៃដ៏សាកសម (រងគ្រោះ) សម្រាប់ការគណនាខុសឆ្គងណាមួយ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក Jafari ត្រូវបានធ្វើឡើងបន្ទាប់ពីសប្តាហ៍នេះ ក្រសួងរតនាគារជាតិអាមេរិកបានដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងនឹងបុគ្គលក៏ដូចជាក្រុមហ៊ុនចំនួន ១៦ ក្រោមការចោទប្រកាន់ថា បានផ្តល់ការឧបត្ថម្ភជាសម្ភារៈ ដើម្បីគាំទ្រដល់យោធា និងកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់៕