(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងទំនងជាកំពុងរៀបចំ «ការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM» ឬក៏មីស៊ីលរយៈចំងាយមធ្យមជាថ្មីម្ដងទៀតនៅក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខនេះ។ នេះបើតាមសារព័ត៌មាន CNN ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។
ស្ថានីយ៍ទូរទស្សន៍ CNN កាលពីថ្ងៃពុធដោយផ្អែកលើក្រុមមន្ត្រីអាមេរិកពីរនាក់បានរាយការណ៍ថា យោងតាមរូបភាពផ្ដល់ដោយផ្កាយរណប និងព័ត៌មានពីទីភ្នាក់ចារកិច្ចអាមេរិកអាចបង្ហាញបានថា ទីក្រុងព្យុងយ៉ាង កំពុងត្រៀមធ្វើតេស្ដមីស៊ីល ICBM បន្ទាប់ពីបានបាញ់សាកល្បងជាលើកដំបូងនូវមីស៊ីលប្រភេទនេះ កាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅ ដែលអាចមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក។
បន្ថែមពីនេះជុំវិញសមត្ថភាពមីស៊ីលនេះដែរ អនុប្រធានសេនាធិការយោធាអាមេរិក លោក Paul Selva បានអះអាងប្រាប់ព្រឹទ្ធសភាថា មកទល់ពេលនេះគេពុំទាន់អាចវាយតម្លៃលើសមត្ថភាពពិតប្រាកដនៃបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើងបាននៅឡើយទេ ពីព្រោះរបបកម្មុយនីស្ដមួយនេះពូកែលាក់បាំងជាទីបំផុត។
គួរបញ្ជាក់ថា បើទោះជាសហរដ្ឋអាមេរិកជឿជាក់ថា មីស៊ីល ICBM កូរ៉េខាងជើងអាចមានសមត្ថភាពបាញ់ដល់រដ្ឋ Alaska និង រដ្ឋ Hawai ក៏ដោយក៏រុស្ស៊ីនៅតែអះអាងថា មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បងកាលពីថ្ងៃទី០៤ ខែកក្កដា គ្រាន់តែជាមីស៊ីលរយៈចំងាយមធ្យមធម្មតាប៉ុណ្ណោះ មិនគួរគ្រប់គ្នានំាគ្នាភ័យស្លន់ស្លោនោះទេ៕