យន្តហោះមួយគ្រឿង របស់ហូឡង់ បានវិលត្រឡប់មកចុះចតវិញ ក្រោយរន្ទះបាញ់
20-07-2017 09:04
(ហូឡង់)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ប្រភេទ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ បានរងការវាយប្រហារដោយរន្ទះបាញ់ នៅថ្ងៃពុធនេះ ហើយបានវិលត្រឡប់ មកកាន់អាកាសយាន្តដ្ឋាន Schiphol វិញភ្លាមៗ បន្ទាប់ពីហោះហើរឡើងបានបន្តិច។ នេះបើតាមសារព័ត៌មាន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។
យន្តហោះ ជើងហោះហើរ CND397 បានត្រឡប់មកក្រោយវិញ ខណៈកំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Corfu ប្រទេសក្រិក។ ក្រោយហោះឡើង បានរយៈពេល១៥នាទី យន្តហោះបានមកចុះចតវិញដោយសុវត្ថិភាព។ បើតាមសម្តីអ្នកនាំពាក្យរបស់យន្តហោះបានឲ្យដឹងថា យន្តហោះមានការខូចខាតបន្តិចបន្តួច ប៉ុន្តែវានឹងនៅតែហោះហើរ ទៅកាន់កោះ Corfu នៅថ្ងៃពុធនេះដដែល។
វិទ្យាស្ថានឧត្តុនិយមហូឡង់ បានចេញសេចក្តីប្រកាសព្រមានកម្រិតពណ៌លឿង ចំពោះប្រទេសរបស់ខ្លួន នៅថ្ងៃពុធម្សិលមិញថា ដោយសារតែមានព្យុះភ្លៀងយ៉ាងខ្លាំង លាយឡំដោយការធ្លាក់ព្រិល, ខ្យល់បក់ខ្លាំង និងចំនួនភ្លៀងធ្លាក់យ៉ាងខ្លាំង ត្រូវបានគេរំពឹងថា នឹងកើតមានឡើងផងដែរ៕