(ប៉ារីស)៖ លោក Lecointre ត្រូវបានតែងតាំងជាមេបញ្ជាការថ្មី នៃកងទ័ពរបស់បារាំង។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Christophe Castaner ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក Lecointre ដែលជាសមាជិកគណៈរដ្ឋមន្ត្រី របស់លោកនាយករដ្ឋមន្ត្រី Edouard Philippe បានមកជំនួសតំណែង លោក Pierre de Villiers ដែលបានសម្រេចចិត្តលាលែងពីតំណែង ដោយសារបញ្ហាជម្លោះ ស្តីពីការកាត់ថវិកាលើវិស័យការពារជាតិ។
លោក Lecointre នឹងចូលកាន់តំណែងជំនួសលោក Pierre de Villiers «ចាប់ពីថ្ងៃស្អែកតទៅ ដោយទទួលបន្ទុកជាមេបញ្ជាការកងទ័ព»។ នេះបើតាមសម្តីលោក Castaner បានលើកឡើង បន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍មួយ៕