(អន្តរជាតិ)៖ ក្រុមរដ្ឋអ៊ីស្លាម ISISI មានបណ្តាញសឹងតែគ្រប់ទិសទីនៅក្នុងប្រទេសតួកគី ហើយច្បាប់ដើម្បីចាប់ខ្លួនពួកគេ មានលក្ខណៈធូររលុងបំផុតបើធៀបនឹង យុទ្ធសាស្រ្តចាប់ខ្លួនក្រុមដទៃទៀត រួមមានជនជាតិឃឺដ និង អ្នកប្រឆាំងនឹងរដ្ឋាភិបាលជាដើម។
* ការបំបិទប្រព័ន្ធផ្សព្វផ្សាយសង្គម
កាលពីឆ្នាំ២០០៧ មូលនិធិធានារ៉ាប់រងរបស់ប្រទេសតួកគី បានក្តោបក្តាប់លើប្រព័ន្ធផ្សព្វផ្សាយ៦៣កន្លែង ក្នុងនោះក៏រួមមានបណ្តាញទូរទស្សន៏ធំជាងគេនៅតួកគី Sabah-ATV ផងដែរ។ នេះជាចំណាប់ផ្តើមរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដោយការដកចេញនូវអ្នកប្រឆាំង ហើយដាក់ជំនួសវិញនូវអ្នកជំនិតរបស់រដ្ឋ។ Sabah-ATV ត្រូវបានលក់អោយអ្នកជិតស្និទ្ធនឹងប្រធានាធិបតី អឺដូហ្គាន់ ហើយគ្រប់គ្រងដោយកូនប្រសាររបស់លោកផ្ទាល់តែម្តង។ តួកគីបានផ្លាស់ប្តូរតាមរបត់សម័យកាល និងក្លាយជាប្រទេសទី០៤លើពិភពលោកដែលមានទីផ្សារហ្វេសបុក ច្រើនជាងគេបំផុត ជាមួយអ្នកប្រើប្រាស់ជាង៣០លាននាក់។
ក្នុងខែឧសភា ឆ្នាំ២០១៣ ប៉ូលីសតួកគីបានសម្រេចចិត្តប្រើហិង្សា ដើម្បីបំបែកជួរក្រុមបាតុកម្មដើម្បីបរិស្ថានមួយក្រុម។ វីដេអូនេះត្រូវបានចែកចាយលើបណ្តាញហ្វេសបុក ដែលបានបណ្តាលអោយប្រជាជនប្រឆាំងនឹងរដ្ឋាភិបាលរាប់ខែ។ ដោយសារស្ថានីយទូរទស្សន៏ដូចជា CNN Turk ជាដើម មិនបានធ្វើការចាក់ផ្សាយពត័មានសង្គមទាំងនេះ ប្រជាជនងាកទៅរកប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសបុក និង ធ្វីតធ័រ (Twitter) វិញ ដើម្បីប្រមូលគ្នាធ្វើការតវ៉ា និងចែកចាយព័ត៌មាន។
ក្រោយពីបានបំបិទព័ត៌មានតាមទូរទស្សន៍ គណបក្សកាន់អំណាចបានបំបិទ Twitter ថែមទៀតដោយចោទថា វាគឺជាគេហទំព័រដែលបានបរិហារកេរ្តិ៍បុគ្គលមួយចំនួន។ មកដល់សព្វថ្ងៃរដ្ឋាភិបាលតួកគី បានបំបិទគេហទំព័រចំនួនប្រមាណ១០០,០០០ដទៃទៀត។ តួកគីត្រូវបាន អង្គការ Freedom House កំណត់ថា ប្រទេសនេះមិនមានសិទ្ធិសេរីភាព លើប្រព័ន្ធអ៊ីនធើណែតឡើយ។ វិទ្យាស្ថាន Reuters ផ្នែកសិក្សា ការយកពត័មានបានអោយដឹងថា ការបំបិទប្រផ្សព្វផ្សាយពត័មានជំនាន់ដើម បានធ្វើអោយប្រភពព័តមានសម័យថ្មី នៅលើប្រព័ន្ធទំនាក់ទំនងសង្គម (Social Media) កាន់តែមានសារៈសំខាន់ឡើង។
* សកម្មភាពរបស់ ISIS នៅលើ Twitter
ក្រុមភេរវករ ISIS បានកត់សម្គាល់ឃើញពីចំនួនអ្នកប្រើប្រាស់ដ៏ច្រើនលើបណ្តាញទំនាក់ទនងសង្គម Twitter ហើយបានសរសេរសារបង្ហោះជាភាសាតួកគី ដើម្បីឃោសនាបុព្វហេតុក៏ដូចជាមនោគមន៍វិជ្ជារបស់ពួកគេ។ ក្រុមនេះក៏បានបង្កើតទស្សនាវដ្តីមួយផងដែរ មានឈ្មោះថា Konstantiniyye ដែលប្រើពាក្យបុរាណរបស់សម័យអូតូមេន បង្ហាញពីរូបភាពទីក្រុងអ៊ីស្តង់ប៊ុលជំនាន់មុន ដែលចង់បានន័យថា ពួកគេចង់កាន់កាប់ទឹកដីមួយនេះ និងហៅប្រធានាធិបតីអេដូហ្គេនជាមេដឹកនាំផ្តាច់ការ។
ក្រោយឆ្នាំ២០១៥ ចំនួនសាររបស់ ISIS នៅលើ Twitter បានថយចុះក្នុងអត្រា៤៥% ដោយសារតែសហរដ្ឋអាមេរិក និងក្រុមហ៊ុន Twitter ផ្ទាល់ ដែលបានតាមប្រមាញ់បំបិទមិនអោយពួក ISIS បញ្ចេញសំលេងឬសកម្មភាពបាន។ គណនីចំនួន៣៦០,០០០ត្រូវបានបិទ ពីឆ្នាំ ២០១៥ ដល់ខែសីហា ២០១៦។ ការខិតខំប្រឹងប្រែងនេះ ពិតជាគួរអោយសរសើរដែរ ប៉ុន្តែគេផ្តោតតែលើសារជាភាសាអង់គ្លេស និង អារ៉ាប់ប៉ុណ្ណោះ ខណៈសម្រាប់សារជាភាសាតួកគីនៅតែមានវត្តមានដដែល។
ក្នុងការសិក្សាមួយរបស់វិទ្យាស្ថាន Global Policy and Strategy ដែលបានវិភាគលើសារចំនួន២៥៤០៣សារ របស់គណនីគាំទ្រ ISIS បានអោយដឹងថា ពួកភេរវករនេះបានសរសេរពាក្យថា «ជីហាដ, សម្លាប់, វាយប្រហារ, និងអាវុធ» ជាង៣០,០០០ដង ក្នុងមួយខែៗ ហើយ ISIS មិនត្រឹមវាយប្រហារតែអ្នកមកពីសាសនាផ្សេងឡើយ សូម្បីសាសនាដូចគ្នា តែមិនកាន់តាមទំនៀមរបស់ពួកគេ ក៏ត្រូវរងការវាយប្រហារដែរ។ សារខ្លះបានកែនយកមនុស្សអោយចូលរួមការវាយប្រហារជាមួយ ISIS ខណៈសារខ្លះទៀតបានផ្សព្វផ្សាយពី ទស្សនៈរបស់ពួកគេ។
ការសិក្សាមួយទៀតធ្វើឡើងដោយមហាវិទ្យាល័យ TOBB ទៅលើសារចំនួន៥១០០០សារផ្សេងទៀត បានរកឃើញគណនីចំនួន២១ ជាចម្បង ដែលបានធ្វើការទំនាក់ទំនងទៅគណនី២៥៦៧ផ្សេងទៀត ដែលគាំទ្រនិងមានការពាក់ព័ន្ធជាមួយក្រុម ISIS។ ហើយ៨៧ភាគរយនៃចំនួនទាំងនោះ ជាគណនីក្រៅប្រទេសតួកគី។ ក្រោយការតាមដាន គណនីទាំងអស់នេះ ក្នុងរយៈ´ពេលមួយឆ្នាំ គេរកឃើញថាពួកនេះភាគច្រើនមកពីគណបក្ស PKK និងជនជាតិឃឺដ។
ដោយឡែកសម្រាប់ការសិក្សាលើសារ ISIS ផ្សព្វផ្សាយជាភាសាតួកគី ក្នុងឆ្នាំ២០១៦ អង្គការ FDD និង Sidar Global Advisor (SGA) បានចំណាយពេលធ្វើការសិក្សាលើប្រព័ន្ធ Twitter ក្នុងរយៈពេល៤៥ថ្ងៃ គឺចាប់ពីថ្ងៃ១៥ មីនា ដែលមានចំនួន៤ថ្ងៃ មុនពេលផ្ទុះការធ្វើរដ្ឋប្រហារលើទីក្រុងអ៊ីស្តង់បូល រហូតដល់ថ្ងៃ០១ ឧសភា ឆ្នាំដដែល។
គេបានរកឃើញគណនីពាក់ព័ន្ធនឹង ISIS ចំនួន១៣៧។ ការសិក្សានេះស្រាវជ្រាវដោយប្រើ ពាក្យគន្លឹះ ប្រធានបទ ទីកន្លែងភូមិសាស្រ្ត ភេទ និងទំនោរនៃសារដែលបានសrសេរឡើង។ ទីកន្លែងដែលមានសារច្រើនជាងគេនោះគឺ ទីក្រុងអង់ការ៉ា អ៊ីស្តង់ប៊ុល និង អ៊ីសមៀរ។ សារខ្លះចេញមកពីក្រៅប្រទេសរួមមាន អាល្លឺម៉ង់ បែលហ្សិក និងហូឡង់ជាដើម។
ពាក្យដែលប្រើច្រើនជាងគេគឺ «ជីហាដ កាហ្វ័រ និង ណ័ស្រា»។ គណនីដែលមានការពាក់ព័ន្ធនឹង ISIS ត្រូវបានក្រុមហ៊ុន Twitter បិទចោល មួយរយៈក្រោយមក ក៏ប៉ុន្តែម្ចាស់គណនីខ្លះ បានបង្កើតគណនីថ្មី ដែលមានឈ្មោះស្រដៀងគ្នា ដើម្បីសរសេរសារដើម្បីផ្សព្វផ្សាយបន្ត។
ក្នុងការសិក្សារបស់ SGA បានអោយដឹងថា កំឡុងពេលមានការវាយប្រហារ លើដំណើរទស្សនកិច្ចរបស់បរទេស និងគម្រោងការផ្សេងៗនៅស៊ីរី គឺជាពេលដែលម្ចាស់គណនីបានប្រើប្រាស់ Twitter ច្រើនបំផុត។ ប្រធានបទ ដែលគេបានលើកយកមកនិយាយច្រើនគឺ PKK និង ការដឹកនាំរបស់ប្រធានាធិបតីស៊ីរី អាល់ អាស្សាដ។ ក្រោយពីការវាយប្រហារទៅលើទីក្រុងព្រុចសែល នៃប្រទេសបែលហ្សិក មានគណនីមួយឈ្មោះ @1ali2demir2 បានសសេរថា អ្នកគួរតែថែរក្សាព្រលានយន្តហោះខ្លួនឯងអោយល្អ ជាជាងមកលូកដៃពួកអត់សាសនា PKK ។ សារនេះសំដៅថាអឺរ៉ុបកំពុងតែជួយដល់ពួកឃឺដ។
គណនីដែលមានឥទ្ធិពលជាងគេ ឈ្មោះ @Latormenta (ក្រោយមកក៏អសកម្មវិញ) បានសរសេរសារចំនួនដល់ទៅ១០០,០០០សារ ក្នុងថ្ងៃ ដែលមានការវាយប្រហារនៅព្រុចសែល។ សារភាគច្រើននិយាយពីប្រទេសលោកខាងលិច ដែលបិទមាត់ជិតពេលគណបក្ស PKK វាយប្រហារលើប្រទេសតួកគី និងការដឹកនាំដ៏ឃោឃៅរបស់ប្រធានាធិបតីស៊ីរី។ «អត់លឺបែលហ្សិកនិយាយអ្វីសោះ ពេលមានគ្រាប់បែកបំផ្ទុះនៅស៊ីរី... ហើយចុះពេលមានគ្រាប់បែកផ្ទុះនៅប្រទេសខ្លួនដែរ មានយល់ពីការឈឺចាប់នេះឬនៅ?» នេះជាអ្វីម្ចាស់គណនី @Latormenta បានសរសេរឡើង។
សំណេររបៀបនេះមិនមែនផ្សព្វផ្សាយ តែពេលណាទើបនឹងមានការវាយប្រហារពី ISIS ឡើយ។ តួយ៉ាងកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ គណនី Twitter មួយនៅហូឡង់ឈ្មោះ @yasinyener4 បានសរសេរពីមេដឹកនាំ PKK ដែលបានប្រើពាក្យប្រមាថលើការបន់ស្រន់របស់ជនអ៊ីស្លាម និងបានដាក់បណ្តាសារអោយបុរសម្នាក់ ឲ្យឆាប់ស្លាប់ដើម្បីទៅជួបព្រះជាម្ចាស់ ដែលខ្លួនបានប្រមាថ។
គណនីដទៃទៀត ដែលនិយាយផ្សព្វផ្សាយទាក់ទិននឹងសាសនាដែរមានឈ្មោះថា @Abuahmed0666 និង @Kurdimuslim36 ដែលចូលចិត្តសរសេរសម្រង់ពីព្រះគម្ពីរកូអាន និងនិយាយស្តីបន្តពីស្ថានការណ៍វិវឌ្ឍន៍នៅស៊ីរី ដែលទាំងនេះគឺជាប្រភេទគណនី ដែលបានអូសទាញនិងប្រមែប្រមូលមនុស្ស ឲ្យចូលរួមជាមួយក្រុម ISIS និងជាប្រភេទគណនី ដែលមានឥទ្ធិពលបំផុតលើបណ្តាញសង្គម Twitter។
ការស្រាវជ្រាវនេះក៏បានរកឃើញផងដែរថា គណនីជាច្រើនបានថ្កោលទោស ការបាញ់ប្រហារនៅក្លឹបមួយក្លែងនៅ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ក៏ប៉ុន្តែមនុស្សមួយចំនួន បានលើកយកមតិសាសនាថា ការផឹកសុរាគឺជាកំហុសឆ្គងក៏ដូចជាមូលហេតុមួយ។ ក្រោយការបាញ់សម្លាប់នេះទៀតសោត ឧបនាយករដ្ឋមន្រ្តីតួកគីលោក Numan Kurtulmus បានប្រកាសលើការស្រាវជ្រាវ ជុំវិញគណនី Twitter ទាំង៣៤៧នេះ ប៉ុន្តែ សេចក្តីប្រកាសនេះ មិនបានបំផិតបំភ័យពួកគេសូម្បីតែបន្តិចឡើយ ព្រោះរដ្ឋាភិបាលតួកគីច្រើនតែបានផ្តោតលើ ការប្រមាញ់ពួកឃឺដ និង អ្នកប្រឆាំងគណបក្សកាន់អំណាចប៉ុណ្ណោះ។ ISIS នៅតែបន្តប្រើប្រាស់ប្រព័ន្ធផ្សព្ធផ្សាយសង្គមបានដដែល ដោយសាររដ្ឋាភិបាលតួកគីមានភាពលំអៀង និងហើយពួកនេះ តែងតែអាចធ្វើការផ្លាស់ប្តូរឈ្មោះបង្កើតគណនីថ្មីបានតាមចិត្ត ប្រសិនបើគណនីរបស់គេត្រូវបានបិទ៕