(សេអ៊ូល)៖ ដោយមិននិយាយពីឈ្មោះចិន កូរ៉េខាងជើងនៅថ្ងៃពុធនេះ បានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី នាឱកាសប្រារព្ធខួបលើកទី១៧ នៃសេចក្ដីប្រកាសរួមស្ដីពី កិច្ចសហប្រតិបត្តិការ និងការផ្សះផ្សារវាងប្រទេសជិតខាងទំាងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃពុធ ទៅ១៩ ខែកក្កដា ឆ្នាំ២០១៧។
ការប្រារព្ធខួបនេះ ធ្វើឡើងនៅចំពេលទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំង ហាក់ដូចជារង្គោះរង្គើ ក្រោយចិនសម្រេចចិត្តផ្អាកការនាំចូលធ្យូងថ្មពីកូរ៉េខាងជើង នៅក្នុងក្រោមក្របខណ្ឌនៃការអនុវត្តន៍ដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ជាងនេះទៅទៀត មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ទីក្រុងព្យុងយ៉ាងកាន់តែស្និទ្ធនឹងរុស្ស៊ី រីឯទីក្រុងម៉ូស្គូ តែងតែចេញមុខឈឺឆ្អាល និងការពារកូរ៉េខាងជើងជារឿយៗ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសនិ្តសុខ។
មិនតែប៉ុណ្ណោះនាពេលថ្មីៗនេះ អ្នកជិតខាងទាំងពីរថែមទំាងបានបង្ហាញពីគំរោងបើកសេវាកម្មទេសចរណ៍ភា្ជប់ពីទីក្រុង Rajin ទៅកាន់ទីក្រុង Vladivostok របស់រុស្ស៊ីដែលទើបតែបានបញ្ជូនជំនួយជាម្សៅអាហារជាង ៥,២០០តោន ទៅកាន់កូរ៉េខាងជើងផងដែរ។ ដោយឡែកទាក់ទិននឹងផ្លាស់ប្ដូរនេះដែរ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅក្នុងបទអត្ថាធិប្បាយមួយ បានហៅកិច្ចព្រមព្រៀងរវាងកូរ៉េខាងជើង និងរុស្ស៊ីគឺជាឯកសារ ប្រវត្តិសាស្ត្រមួយបើកផ្លូវឱ្យប្រទេសទំាងពីរ បង្កើតទំនាក់ទំនងមិត្តភាពជាមួយនឹងគ្នា។ «ទំនាក់ទំនងដ៏ជិតស្និតរវាងកូរ៉េខាងជើង និងរុស្ស៊ី នឹងជួយការពារសន្តិភាពពិភពលោកទំាងមូល មិនមែនត្រឹមតែប្រទេសទំាងពីរ និងនៅក្នុងតំបន់តែប៉ុណ្ណោះទេ»។ នេះបើតាម Rodong Sinmun។
គួរបញ្ជាក់ថា កូរ៉េខាងជើង និងចិន កាលពីថ្ងៃទី១១ ខែកក្កដា មិនបានប្រារព្ធ ឬក៏រៀបចំពិធីរំលឹកខួបលើកទី៥៦ នៃការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរបស់ពួកគេឡើយ៕